ភ្នំពេញ : សត្វឆ្កែរហូតដល់ ៣លានក្បាល ត្រូវបានគេសម្លាប់ក្នុងមួយឆ្នាំៗនៅប្រទេសកម្ពុជា។ គ្រាន់តែនៅរាជធានីភ្នំពេញ ទីតាំងលក់សាច់ឆ្កែនៅកម្ពុជា ត្រូវបានគេហៅថា «សាច់ពិសេស» មានរហូតដល់១១០កន្លែង។ អង្គការ FOUR PAWS បានអះអាងថា ការបរិភោគសាច់ឆ្កែ ជាប្រភពបង្កហានិភ័យជំងឺឆ្កែឆ្កួត។
យោងតាមការស្រាវជ្រាវលើទីផ្សាររបស់អង្គការ FOUR PAWS បានបង្ហាញនូវរបាយការណ៍គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអ្នកឆ្លើយតបចំនួន ៥៣.៦% បានប្រាប់ថា ក្នុងជីវិតពួកគាត់ធ្លាប់បរិភោគសាច់ឆ្កែ (៧២.៤% ជាបុរស និង ៣៤.៨% ជាស្ត្រី)។ នៅក្នុងរាជធានីភ្នំពេញ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការ FOUR PAWS បានទៅកាន់ហាងលក់សាច់ឆ្កែចំនួន១១០កន្លែង ក្នុងនោះហាងភាគច្រើនទើបតែចាប់ផ្តើមបើកក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយប៉ុណ្ណោះ ដោយសារតែមុខរបរជួញដូរនេះមានការកើនឡើងជាបន្តបន្ទាប់។
កត្តាជំរុញឲ្យបរិភោគ មានមូលហេតុជាច្រើន ដែលជំរុញឲ្យប្រជាជននៅអាស៊ីអាគ្នេយ៍និយមបរិភោគសាច់ឆ្កែ និងឆ្មា។ ភាគច្រើនគេបរិភោគសាច់ឆ្កែនៅពេលជួបជុំគ្នាទទួលទានគ្រឿងស្រវឹង។ ហេតុផលផ្សេងទៀត គឺដោយសារគេជឿថាសាច់ឆ្កែសម្បូរអាហារូបត្ថម្ភទ្រទ្រង់រាងកាយ និងថាមពល ជួយរក្សាកម្ដៅក្នុងខ្លួននៅក្នុងរដូវត្រជាក់។ ម្យ៉ាងវិញទៀតករណីខ្លះ ដោយសារតែមានការណែនាំពីគ្រូពេទ្យ ឬការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា សាច់ឆ្កែមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ និងជាថ្នាំផងដែរ។ យ៉ាងណាក្តី បើតាមអង្គការ FOUR PAWS បានអះអាងថា ការជួញដូរសាច់ឆ្កែ និងឆ្មា មិនត្រឹមតែជាអំពើឃោរឃៅព្រៃផ្សៃសម្រាប់សត្វនោះទេ ថែមទាំងបង្កហានិភ័យដល់សុខភាពសាធារណៈទៀតផង។ ការជួញដូរសាច់ឆ្កែ គឺជំនួញមួយដែលជំរុញឲ្យមានការជួញដូរខុសច្បាប់ ការលក់ និងសម្លាប់ជីវិតឆ្កែរាប់លានក្បាលជារៀងរាល់ឆ្នាំ ហើយក៏បានបង្កហានិភ័យខ្ពស់ដល់សុខភាពសាធារណៈ តាមរយៈការចម្លងជំងឺ សត្វ ដែលមិនត្រឹមតែជាជំងឺឆ្កែឆ្កួតទេ ប៉ុន្តែនៅមានជំងឺអាសន្នរោគ និងជំងឺកាចសាហាវគ្រោះថ្នាក់ដល់អាយុជីវិតផ្សេងៗទៀត។ ការឆ្លងមេរោគបាក់តេរីផ្សេងទៀតដែលបណ្ដាលមកពីការបរិភោគសាច់ឆ្កែរួមមាន ដំបៅពងបែក ជំងឺរលាកស្បែក ជំងឺរលាកថ្លើម និងជំងឺបរាសិតដែលបង្កដោយពពួកសត្វល្អិតដូចជាព្រូនជាដើម។
ភ្នាក់ងារបង្កជំងឺផ្សេងទៀតរួមមាន អ៊ីកូលី១០៧ ទ្រីឈីននេឡូស៊ីស និង សាម៉ូនេឡា។ ការសិក្សាបានបង្ហាញថា ជំងឺឆ្កែឆ្កួតច្រើនកើតឡើងដោយឆ្លងពីសត្វឆ្កែដែលមាននៅតាមហាង ទីសត្តឃាត និងទីផ្សារនៅក្នុងតំបន់។ អំឡុងពេលធ្វើការស៊ើបអង្គេត របស់ក្រុមការងារ FOUR PAWS បានឲ្យឃើញថា ឆ្កែដែលមានរោគសញ្ញាជំងឺឆ្កែឆ្កួត ត្រូវគេលក់ទៅឲ្យអ្នកជួញដូរដើម្បីសម្លាប់ និងយកសាច់លក់។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ជាញឹកញយ តែងតែធ្វើការអំពាវនាវដល់ សាធារណៈជន បញ្ឈប់ការបរិភោគសត្វសុនខ ព្រោះសត្វសុនខប្រៀបបានទៅនឹងសមាជិកក្រុមគ្រួសាររបស់យើង ហើយពិសេសប្រជាជនកម្ពុជា ជាអ្នកកាន់ព្រះពុទ្ធសាសនាផងដែរ៕