ភ្នំពេញ ÷ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នឹងជួយកាត់បន្ថយពេលវេលារបស់ប្រជាពរដ្ឋ និងកាត់បន្ថយអំពើពុករលួយរបស់មន្ត្រី។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ថ្ងៃទី២២ ខែមករា ។
នៅក្នុងពិធីសម្ពោធអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅព្រឹកម៉ិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានកត់សម្គាល់ថា ការសុំច្បាប់អាជីវកម្មដែលពាក់ព័ន្ធនឹងចំណុះក្រសួងពី២ ទៅ៣ បាននាំឲ្យមានការចំណាយពេលវេលាយូរ ថែមទាំងឱកាសដល់មន្ត្រីខិលខូចមួយចំនួនទារកម្រៃក្រៅសេវា រឺប្រព្រឹត្តអំពើពុករលួយ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ បានផ្តល់សេវារដ្ឋបាលសាធារណៈ ជាកញ្ចប់នៅកន្លែងតែមួយ កាត់បន្ថយភាពសាំញ៉ាំ ស្មុគស្មាញនៃនីតិវិធីរដ្ឋបាល ជួយសម្រួលដល់ការស្នើសុំរបស់ប្រជាពលរដ្ឋទៅលើសេវាសាធារណៈ ពិសេសអាចប្រមូលចំណូលចូលថវិកាជាតិប្រកបដោយតម្លាភាព និងទប់ស្កាត់អំពើពុករលួយ។ សម្តេចកត់សំគាល់ឃើញថា យន្តការច្រកចេញចូលតែមួយនេះ បានជួយកាត់ បន្ថយជាអតិបរមានូវការិយាធិបតេយ្យ និងអំពើពុករលួយរបស់មន្ត្រីថែមទៀត ផង។
គួរបញ្ជាក់ដែរថា យន្តការច្រកចេញចូលតែមួយ ត្រូវបានបង្កើតឡើងរយៈពេល១៥ឆ្នាំមកហើយ ក្រោយពីដាក់ឲ្យដំណើរការសាកល្បងបួនឆ្នាំនៅបាត់ដំបង និងសៀមរាបប្រកបដោយជោគជ័យ។ អង្គភាពច្រកចេញចូលតែមួយ ជាបណ្តុំនៃការផ្តល់សេវាសាធារណៈចំនួនជាង២០០ប្រភេទ ជូនប្រជាពលរដ្ឋពីក្រសួងស្ថាប័នចំនួន១០។ គិតត្រឹមចុងឆ្នាំ២០១៩នេះ កម្ពុជាមានការិយាល័យច្រកចេញចូលតែមួយចំនួន១១៥ ដែលក្នុងនោះមាន២៧ក្រុង ៧៤ស្រុក និង១៤ខណ្ឌ ដែលស្មើនឹង៥៧ភាគរយនៃចំនួនរដ្ឋបាលក្រុង ស្រុក ខណ្ឌ២០៣ ទូទាំងប្រទេស។ អង្គភាពច្រកចេញចូលតែមួយ បានផ្ដល់សេវាជូន ប្រជាពលរដ្ឋជាង ៦៩៤លានសេវា និងទទួលចំណូលជាង៥៦ពាន់លានរៀល គិតជាដុល្លារជាង១៤លានដុល្លារ។
ក្រៅពីនោះ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក៏បានដាក់ឲ្យដំណើរការការិយាល័យពលរដ្ឋ ក្នុងគោលបំណងលើកកម្ពស់ អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវាសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈដោះស្រាយ និងសម្រួលបណ្ដឹងក្រៅប្រព័ន្ធតុលាការ។
តាំងពីចាប់ផ្ដើមទទួល និងសម្រួបសម្រួលដោះស្រាយ ពាក្យបណ្ដឹងចុងឆ្នាំ២០១៨ រដ្ឋបាលបានទទួលពាក្យបណ្ដឹង២៤៨ករណី ក្នុងនោះ បណ្ដឹងក្នុងសមត្ថកិច្ច១០៥ករណី ដោះស្រាយបញ្ចប់៩០ករណី និងបណ្ដឹងក្រៅសមត្ថកិច្ចដែលបញ្ជូនទៅ ក្រសួងពាក់ព័ន្ធ១៤៣ករណី៕