សាលាដំបូងភ្នំពេញ បន្តសវនាការសំណុំរឿងលោក កឹម សុខា សប្តាហ៏ទី២

ភ្នំពេញ ÷ ថ្ងៃពុធនេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបន្តដំណើរការសវនាការជំនុំក្ដីករណី «រួមគំនិតជាមួយបរទេស» ប្រឆាំងនឹងលោក កឹម សុខា។ សប្តាហ៍នេះ អ្នកសារព័ត៌មាន និងសកម្មជនអង្គការសង្គមស៊ីវិលមួយចំនួនត្រូវបានអនុញ្ញាតឱ្យចូលរួមតាមដានស្ដាប់ពីដំណើរការក្តី។

លោកគី តិច មេធាវីតំណាងរាជរដ្ឋាភិបាលបានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយសាវនាការនៅព្រឹកម៉ិញថា មេធាវីរបស់លោក កឹម សុខាអតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានដាក់ភស្តុតាងបន្ថែមទៅសាវនាការនូវ វីដេអូបន្ថែមទៀត តែភស្តុតាងទាំងនោះវាបានបន្ថែមបន្ទុកទៅលើលោក កឹម សុខាទៅវិញ។ នៅក្នុងសវនការនេះដែរ លោកមេធាវី គី តិច បានចោទសួរទៅភាគីជនជាប់ចោទ លោក កឹម សុខា ពីការកាត់វីដេអូខ្លីៗដែលមានជាង១០ឃ្លីប មកដាក់ជូនអង្គសវនការនៅពេលនេះ តាមអ្វីដែលភាគីដើមបណ្តឹងបានដាក់ជាភស្តុសម្រាប់រឿងក្តីនេះ។ ភាគីលោក កឹម សុខា ព្យាយាមកាត់វីដេអូខ្លីៗនេះ ជាចំណុចមួយតម្រូវឱ្យប្រជាពលរដ្ឋទាំងបានដឹងឱ្យកាន់តែច្បាស់ចំពោះដំណើររឿងក្បត់ជាត់របស់លោក កឹម សុខា។ លោកមេធាវី គី តិច ថា ការដាក់ភស្តុតាងបែបនេះ របស់ក្រុមមេធាវីលោក កឹម សុខា គឺមិនត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ ដូច្នេះក្នុងនាមតំណាងមេធាវីរាជរដ្ឋាភិបាល និងតំណាងអយ្យការ ក៏បានស្នើសុំទៅក្រុមប្រឹក្សាជំនុំជម្រះក្នុងសម្រេចទទួលយកភស្តុតាង ឱ្យអនុវត្តតាមផ្លូវច្បាប់ និងនីតិវិធីជាដើម។

លោក កឹម សុខា បានផ្តល់បទសម្ភាសន៏ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក នៅព្រឹកម៉ិញថា ភស្តុតាងដាក់បន្ទុកទាញសេចក្ដីសន្និដ្ឋានដើម្បីចោទប្រកាន់រូបលោក មិនគ្រប់គ្រាន់នឹងយកមកដាក់ទោសរូបលោកទេ។ លោកបានអះអាងសាជាថ្មីថា លោកគ្មានទោសនោះទេ។ នៅក្នុងអង្គសាវនាការ ក្រុមមេធាវីរបស់លោកកឹម សុខា បានសួរថា ហេតុអ្វីមាត្រាដែលចែងពីបទល្មើស «សន្ទិដ្ឋិភាពជាមួយបរទេស» ទើបអនុម័តនៅឆ្នាំ២០១០ អាចយកទៅចោទប្រកាន់បទល្មើស កាលពីឆ្នាំ១៩៩៣បាន ?
លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា តំណាងអយ្យការ បានធ្វើការបញ្ជាក់ អំពីបញ្ហានេះនៅក្នុងសវនការ ដោយសារអំពើរបស់ជនជាប់ចោទ កឹម សុខា គឺបានធ្វើតាំងពីឆ្នាំ១៩៩៣មក ហើយសកម្មភាពនោះ គឺកំពុងធ្វើ និងកំពុងបន្តធ្វើ រហូតដល់ថ្ងៃចាប់ខ្លួន។

សូមជំរាបថា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោកកឹម សុខា ដែលអតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ។ សាវនាការលើសំណុំរឿងនេះ នឹងបន្តនៅថ្ងៃស្អែកទី២៣ មករា ទៀត ៕