សមាជិកសភាអាមេរិក បញ្ជាក់ពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា

ភ្នំពេញ ÷ សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានបញ្ជាក់ពីជំហររបស់ខ្លួនថា នឹងជួយជំរុញឲ្យទំនាក់ទំនង រវាងសហរដ្ឋអាមេរិក-កម្ពុជា កាន់តែល្អប្រសើរ ជាពិសេស សន្យាគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងប្តេជ្ញាបន្តពង្រឹងកិច្ចសហការជាមួយគ្នាឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែមករានេះ សមាជិកសភាអាមេរិក បានលើកឡើងថា យើងមានកិច្ចប្រជុំជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទាក់ទងនឹងការជជែកពិភាក្សាគ្នាដោយត្រឹមត្រូវ ជាពិសេសបានជជែកគ្នា ទាក់ទងនិងរឿងដែលកង្វល់ កាលពីអតីតកាល ។ សម្រាប់នៅសហរដ្ឋអាមេរិក មានគណបក្ស២ ដែលបានធ្វើការរួមគ្នាយ៉ាងល្អ ហើយយើងមើលឃើញ ពីគំរូប្រជាធិបតេយ្យ នៅអាមេរិក ទោះមានបញ្ហាខ្វែងគ្នា ក៏យើងតែងតែធ្វើការជាមួយគ្នាបានយ៉ាងល្អ ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ក្នុងជំនួននោះ សមាជិកសភាអាមេរិកបន្តថា “យើងតែងតែធ្វើការជាមួយគ្នា ទោះបីនៅគណបក្ស ផ្សេងគ្នាក៏ដោយ ប៉ុន្តែយើងបានជជែកគ្នាទាក់ទងនិងប្រយោជន៍សម្រាប់ប្រជាជនរបស់អាមេរិក ។ យើងក៏បានជជែកគ្នា ពីការព្រួយបារម្ភរបស់អាមេរិក ទាក់ទិននិងអធិបតេយ្យភាពកម្ពុជា ដែលពេលថ្មីៗនេះ យើងបានលើកឡើង ពីច្បាប់របស់កម្ពុជាផងដែរ“។

លោក កុយ គួង បន្តថា ភាគីទាំងពីរបានពិភាក្សាគ្នា ប្រកបដោយផ្លែផ្កា ដោយធ្វើយ៉ាងណាជំរុញទំនាក់ទំនង រវាងកម្ពុជា និងសហរដ្ឋអាមេរិក ឲ្យកាន់តែមានភាពស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ។

ភាគីអាមេរិក នូវបានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាល និងរដ្ឋាភិបាល ធ្វើការងារជាមួយគ្នា ប៉ុន្តែពេលនេះមិនត្រឹមតែរដ្ឋាភិបាលទេ គឺសភាអាមេរិក ក៏មានចេតនាក្នុងការលើកស្ទួយ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកម្ពុជានិងអាមេរិកឱ្យបានខ្លាំក្លា។

លោក បញ្ជាក់ថា ទាក់ទិននិងបញ្ហាដែលថា កម្ពុជាអនុញ្ញាតឲ្យមាន មូលដ្ឋានទ័ពបរទេសលើទឹកដីកម្ពុជានោះ ឯ.ឧ ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៅកាន់ភាគីអាមេរិកថា នេះគ្រាន់តែជាពាក្យចចាមអារាមទេ ហើយកន្លងមកសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថា កម្ពុជាមិនអនុញ្ញាតឲ្យ មានមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួនជាដាច់ខាត ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងបាងកក ប្រមុខការទូកម្ពុជា ក៏បានបញ្ជាក់ច្បាស់ដែរថា នេះគ្រាន់តែជាពាក្យចចាមអារាម។

លោក កុយ គួង បញ្ជាក់ទៀតថា ទាក់ទិនដំណើរការសវនាការក្ដី របស់លោក កឹម សុខា វិញឯ.ឧ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនថា ដំណើរការសវនាការក្ដីលើ លោក កឹម សុខា គឺប្រព្រឹត្តិទៅដោយតម្លាភាព ច្បាស់លាស់ ជាពិសេស ក៏មានការចូលរួមស្ដាប់ពីតំណាងស្ថានទូតបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាលប្រមាណជា៥៨រូបផងដែរ ។

ចំពោះទំនាក់ទំនងរវាងកម្ពុជា-អាមរិក លោក កុយ គួង គូសបញ្ជាក់ថា កម្ពុជាបង្ហាញនូវ បំណងរឹងមាំច្បាស់លាស់ ក្នុងការធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរជាពិសេសសម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំទី១ ក្នុងប្រទេសអាស៊ាន ដែលឆ្លើយតបជាវិជ្ជមាន ចំពោះ ប្រធានាធិបតី ដូ ណាល់ត្រាំ នូវការអញ្ជើញមេដឹកនាំអាស៊ានទាំងអស់ ទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលនឹងធ្វើនៅថ្ងៃទី១៤ ខែមីនាខាងមុខនេះ ។

លោក កុយ គួង បានបញ្ជាក់បន្ថែមថា អ្វីដែលសំខាន់ភាគីអាមេរិក បញ្ជាក់ពីជំហររបស់ខ្លួនថា មិនមែនត្រឹមតែចេតនា ខាងរដ្ឋការរបស់លោកត្រាំ ទេ សូម្បីតែសភាទាំងពីរគណបក្ស មានជំហរដូចគ្នា គឺចង់ឲ្យទំនាក់ទំនងរវាងកម្ពុជា-អាមេរិក កាន់ប្រសើរឡើង៕