ភ្នំពេញ ÷ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់នូវថវិកាចំនួន ១៧៩,៣០៨ដុល្លារអាមេរិក ដល់អង្គភាពចំនួនពី ក្រោមគោលការណ៍ជំនួយឧត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយ គួសាណូណិ) ដែលត្រូវបានចុះហត្ថលេខា កាលពីល្ងាចថ្ងៃទី២២ ខែមករាឆ្នាំ២០២០នេះ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសនោះថា ជំនួយនេះ ត្រូវបានផ្តល់ជូន សម្រាប់គម្រោងស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្រ្ត កោះស្វាយ ខេត្តកំពង់ចាម ថវិកាចំនួន ៨៩.៥០៨ដុល្លារអាមេរិក ដែលទទួល ដោយមន្ទីរធនធានទឹកឧតុនិយមខេត្តកំពង់ចាម សម្រាប់យកទៅស្តាឡើងវិញ នូវប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់ មានដូចជា ទំនប់ទឹក ផ្លូវធ្វើដំណើរ ទ្វារទឹក និងបំពង់លូ ជាដើម។ ហើយបំពង់លូថ្មីនឹងត្រូវសាងសង់នៅក្នុងឃុំត្រពាំងព្រះ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម។
លោកបញ្ជាក់ថា គម្រោងនេះ ធានាផ្គត់ផ្គង់ទឹកប្រកបដោយប្រសិទ្ធភាព សម្រាប់វាលស្រែនិងពង្រីកដីស្រោចស្រពកសិកម្ម។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជន ក្នុងតំបន់ជាង ៥,០០០នាក់ ក្នុងការបង្កើនផលិតកម្ម ដំណាំស្រូវ តាមរយៈការស្តារឡើងវិញ នូវទំនប់ទឹក ដោយប្រើប្រាស់ជាផ្លូវ ដើម្បីដឹកជញ្ជូន ដំណាំកសិកម្មឱ្យមានភាពងាយស្រួល ហើយក៏ជាលទ្ធផលធ្វើឱ្យជីវភាពរស់នៅរបស់គេមានភាពប្រសើរឡើង។
ចំណែកគម្រោងសហគមន៍កសិកម្ម ស្រុកមេមត់ និង ស្រុក តំបែរ ខេត្តត្បូងឃ្មុំឯកណេះវិញមានទឹកប្រាក់ចំនួន៨៩ ៨០០ដុល្លារអាមេរិក ដែលទទួលដោយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ។ គម្រោងនេះ ឃ្លាំងស្តុកទឹកត្រូវបានសាងសង់ ហើយម៉ាស៊ីមសម្ងួតម្រេច និងឧបករណ៍កែច្នៃគ្រាប់ស្វាយចន្ទីរ នឹងត្រូវបានតម្លើង ក្នុងសហគមកសិកម្ម ទាំងពីរកន្លែង ព្រោះថា សហគមន៍ទាំងពីនេះ មានការលំបាកក្នុងការតម្លើងតម្លៃ នៃដំណាំពាណិជ្ជកម្ម របស់ពួកគេ ដូជា ម្រេច ស្វាយចម្ទីរ ដោយសារខ្វះបរិក្ខាកែច្នៃនិងកន្លែងផ្ទុក។ តាមរយៈគម្រោងនេះ គេរំពឹងថា ប្រជាជនប្រមាណ៤៥០នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការកែលម្អរគុណភាពផលិតផលកសិកម្ម និងបន្ថែមខ្សែសង្វាក់តម្លៃឱ្យកាន់តែស៊ីជម្រៅក្នុងអាជីវកម្មរបស់សហគមន៍កសិកម្ម។
សូមបញ្ជាក់ថា ជំនួយឥតសំណង គូសាណូណិរបស់ជប៉ុន ត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ១៩៩១ ដើម្បីគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការអភិវឌ្ឍន៍ និងស្ថាបនាប្រទេសជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន គម្រោងនេះមានទិសដៅការពារជនរងគ្រោះ ពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែង ដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេដក្តីថ្លៃថ្នូរបស់ពួកគេ ក៏ដូចជាជួយជម្រុញនូវភាពម្ចាស់ការ លើខ្លួនឯងរបស់ប្រជាសហគមន៍៕