ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមករារ ឆ្នាំ២០២០លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានបញ្ជាអោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោកជ គឹមស៊ អភិបាលរងខណ្ឌ និងកម្លាំងជំនាញប្រើធម៌ក្តៅចុះផ្អាកសំណង់ខុសច្បាប់មួយកន្លែងមិនឱ្យសាងសង់បន្ត ដោយបានរំលោភលើដីចំណីផ្លូវ និងប្រឡាយ១៦ម៉ែត្ររបស់រដ្ឋ តាមបណ្តោយផ្លូវព្រៃស ស្ថិតក្នុងភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
អាជ្ញាធរខណ្ឌដង្កោដែលបានចុះប្រតិបត្តិការណ៍ខាងលើបានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកស្រីអភិបាលខណ្ឌដង្កោ កម្លាំងបានចុះទៅធ្វើការឃាត់នូវសកម្មភាពសំណង់ផ្ទះខុសច្បាប់ ដែលបាននឹងកំពុងដំណើរការសាងសង់ លើដីចំណីផ្លូវ និងប្រឡាយប្រវែង១៦ម៉ែត្ររបស់រដ្ឋ ដោយបានបញ្ឍប់នូវសកម្មភាពជាងជាបន្ទាន់ កាត់ដែកសរសៃដែលកំពុងចាក់ជាសសរចេញ និងគាស់ក្តារពុម្ភចេញ ។
ជាមួយគ្នានេះ លោក ជ គឹមស៊ អភិបាលរងខណ្ឌ ដែលចុះដឹកនាំកម្លាំងផ្ទាល់ បានហៅជាងសំណង់ចំនួន៥នាក់ មកធ្វើកិច្ចសន្យាភ្លាមៗដើម្បីបញ្ឍប់នូវការសាងសង់នេះជាបន្ទាន់ ព្រោះអ្នកទាំងអស់គ្នាគ្រាន់តែជាជាងមកធ្វើប៉ុណ្ណោះ មិនបានដឹងថាធ្វើទៅខុសច្បាប់នោះទេ តែបើធ្វើកិច្ចសន្យាហើយហ៊ានលួចលាក់សាងសង់បន្តទៀត នឹងមិនលែងលែងអោយទៀតទេ គឺចាប់យកទៅទទួលខុសត្រូវចំពោះមុខច្បាប់ ។ មួយវិញទៀតការទទួលម៉ៅការសំណង់ខាងលើ បើម្ចាស់មិនដោះស្រាយថ្លៃពលកម្ម សូមដាក់ពាក្យបណ្តឹងទៅលោកភ្លាម លោកនឹងធ្វើការដោះស្រាយជូន ។
លោកបន្ថែមថា មានការដ្ឋានស្ថានីយ៍ប្រេងឥន្ធនៈ ដោយបានសាងសង់ខុសច្បាប់ ដោយបានរំលោភលើដីចំណីផ្លូវ និងប្រឡាយ១៦ម៉ែត្ររបស់រដ្ឋ ដែលនៅក្បែរនេះដូចគ្នាក៏ត្រូវបានបញ្ឍប់នូវការសាងសង់បន្តផងដែរ ដែលសកម្មភាពនេះគឺជាសកម្មភាពខុសច្បាប់ទាំងស្រុង៕