អ្នកស្លាប់ដោយវីរុសកូរ៉ូណា នៅចិនកើនដល់ ១០៦នាក់ និងឆ្លងកើនជាង ៤ពាន់ករណី

ប៉េកាំង ៖ អាជ្ញាធរចិនប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់១០៦នាក់ហើយ ខណៈមនុស្សចំនួនជាង ៤,០០០នាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃនេះ។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា មនុស្សសរុប ២៤នាក់បន្ថែមទៀតបានស្លាប់ និង ១,២៩១នាក់ទៀត ឆ្លងនៅក្នុងថ្ងៃច័ន្ទម្សិលមិញនេះ ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិន កើនឡើងរហូតដល់ទៅជាង ៤,០០០នាក់។ បន្ថែមពីនេះក្នុងចំណោមមនុស្សស្លាប់ទាំង ១០៦នាក់ មានម្នាក់នៅទីក្រុងប៉េកាំង ដែលជាករណីមនុស្សស្លាប់ដំបូងដោយសារវីរុស កូរ៉ូណាថ្មី នៅក្នុងរដ្ឋធានី៕