ភ្នំពេញ ៖ ទូតថ្មីគុបាប្តេជ្ញាប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែសកម្មថែមទៀត លើវិស័យនានាជាមួយកម្ពុជា ដោយធ្វើយ៉ាងណាពង្រីកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យបានកាន់តែរឹងមាំថែមទៀត។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពនា ព្រឹកថ្ងៃទី២៨ ខែមករា។
លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតគុបាថ្មីប្រចាំកម្ពុជា បានបញ្ជាក់ជូនសម្តេចតេជោថា លោកជំទាវទូតនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការឱ្យមានសភាព កាន់តែសកម្មថែមទៀត ជាពិសេសលើវិស័យសុខាភិបាល វិស័យអប់រំ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្មនិងវិស័យដទៃទៀត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាពិសេសទំនាក់ទំនង ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរកម្ពុជា-គុយបា។ លោក អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រោយជំនួបថា លោកជំទាវបានបង្ហាញពីការពេញចិត្ត ដោយមានកិត្តិយស បានមកធ្វើជាឯកអគ្គរដ្ឋទូតគុបាប្រចាំនៅព្រះរាជាណាចក្រ។ កម្ពុជា និងគុយបានភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីររយៈពេល៦០ឆ្នាំមកហើយ ហើយទំនាក់ទំនងនោះ បានក្លាយជាទំនាក់ទំនងប្រវត្តិសាស្ត្រ មិត្តភាពយ៉ាងជិតស្និទ្ធ ជាមួយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍ និងបានសំដែងការអបអរសាទរ ចំពោះ លោក ជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះសម្តេចក៍ បានបង្ហាញការគាំទ្រចំពោះការប្តេជ្ញាចិត្ត របស់លោកជំទាវ ក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដែលយើងមានស្រាប់ជាមួយគ្នាកន្លងមក។
សម្ដេចក៏បានផ្ដល់អនុសាសន៍ឱ្យលោកជំទាវ ខិតខំធ្វើយ៉ាងណាពិនិត្យមើលកិច្ចព្រមព្រៀងដែលយើងបានចុះហត្ថលេខាហើយហើយជំរុញការអនុវត្តតាមកិច្ចព្រមព្រៀងទាំងនោះឲ្យសម្រេចេញជាលទ្ធផល។ ជាងនេះសម្ដេចក៏បានស្នើឱ្យពិនិត្យមើលអ្វីផ្សេងៗទៀតដែលប្រទេសយើងទាំងពីរអាចសហការគ្នាដើម្បី ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតផងដែរ៕