តូក្យូ ៖ ជប៉ុនជាប្រទេសដំបូងបំផុត ដែលបានទៅដឹកពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិនត្រឡប់មកដល់ទីក្រុងតូក្យូតាមរយៈជើងហោះពិសេសនៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០នេះ។ នេះបើតាមសារព័ត៌មាន CNA។
ជើងហោះហើរខាងលើនេះបានចុះចតនៅព្រលានយន្តហោះហាណេដា (Haneda) នៅវេលាម៉ោង ៨៖៤៥នាទីព្រឹកម៉ោងទីក្រុងតូក្យូ ដោយមន្ត្រីជប៉ុនបានអះអាងថា នៅលើយន្តហោះនោះមានមនុស្សសរុប ២០៦នាក់។ កាលពីថ្ងៃអង្គារម្សិលមិញនេះ មន្ត្រីរដ្ឋាភិបាលជប៉ុនបានលើកឡើងថា ជនជាតិជប៉ុនដែលត្រូវបានជម្លៀសមកវិញ ដោយស្ម័គ្រចិត្តនោះ នឹងត្រូវទទួលការធ្វើតេស្តសុខភាពពេលដល់ព្រលានយន្តហោះជប៉ុន ហើយបើគ្មានបញ្ហាអ្វី ពួកគេនឹងអាចចេញទៅផ្ទះបាន ប៉ុន្តែពួកគេក៏ត្រូវស្ថិតនៅក្នុងផ្ទះសិន ដើម្បីពិនិត្យអការៈបន្តផងដែរ (យ៉ាងហោចណាស់១៤ថ្ងៃ) ក្រោមដំបូន្មានរបស់ពេទ្យជំនាញ។
ក្រៅពីប្រទេសជប៉ុន បណ្តាប្រទេសផ្សេងៗទៀតដូចជា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ សិង្ហបុរី និងអាចមានច្រើនជាងនេះទៀត ក៏កំពុងត្រៀមទៅកាន់ទីក្រុងវូហាន ដើម្បីដឹកពលរដ្ឋខ្លួនត្រឡប់មកផ្ទះវិញផងដែរ។ ជប៉ុនបានអះអាងថា យន្តហោះសហរដ្ឋអាមេរិក ក៏កំពុងស្ថិតនៅទីក្រុង Wuhan រួចជាស្រេចហើយដែរ ដែលគ្រោងនឹងដឹកពលរដ្ឋខ្លួនត្រឡប់ទៅអាមេរិកនៅក្នុងថ្ងៃពុធនេះ។
អាជ្ញាធរជប៉ុនបានប្រកាសឲ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាថ្មីពីចិនបានកើនឡើងដល់០៧នាក់នាក់ហើយគិតត្រឹមព្រឹកថ្ងៃពុធនេះ ដោយក្នុងនោះម្នាក់ត្រូវបានគេរកឃើញថា បានឆ្លងនៅក្នុងប្រទេសជប៉ុនផ្ទាល់ (ឆ្លងពីផ្ទុកវីរុសកូរ៉ូណាមុន) ខណៈដែលអ្នកឆ្លងមុនៗទៀត គឺពួកគេសុទ្ធតែធ្លាប់ធ្វើដំណើរទៅទីក្រុងវូហាន (Wuhan) នៃប្រទេសចិន។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩មករានេះចំនួនអ្នកស្លាប់ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus ឬ 2019n-CoV) បានកើនដល់១៣២នាក់ និងឆ្លងជាង ៦,០០០នាក់នៅទូទាំងពិភពលោក។ ក្នុងនោះមាន ៖ ប្រទេសចិន ឆ្លង ៥៩៧៤នាក់ ក្នុងនោះស្លាប់១៣២នាក់, ថៃ១៤ករណី, ទីក្រុងហុងកុង០៨ករណី, កោះតៃវ៉ាន់ ០៨ករណី, ជប៉ុន ០៧ករណី, ទីក្រុងម៉ាកាវ ០៧ករណី, ម៉ាឡេស៊ី ០៧ករណី, សិង្ហបុរី ០៧ករណី, អូស្ត្រាលី ០៥ករណី, សហរដ្ឋអាមេរិក ០៥ករណី, បារាំង ០៤ករណី, កូរ៉េខាងត្បូង ០៤ករណី, កាណាដា ០៣ករណី, វៀតណាម ០២ករណី, កម្ពុជា ០១ករណី, អាល្លឺម៉ង់ ០១ករណី, នេប៉ាល់ ០១ករណី និងស្រីលង្កា ០១ករណី៕