នាយករដ្ឋមន្ត្រីកម្ពុជា នឹងចេញពីក្រុងសេអ៊ូល ឆ្ពោះទៅក្រុងប៉េកាំងនៅរសៀលថ្ងៃនេះ

ភ្នំពេញ ៖ បើទោះបីចិន មិនអនុញ្ញាតឲ្យទៅកាន់ទីក្រុងវូហាន ទីដែលកំពុងរាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណាក្តី ប៉ុន្តែសម្តេចតេជោនឹងដឹកនាំគណៈប្រតិភូចេញពីទីក្រុងសេអ៊ូល នៅរសៀលថ្ងៃពុធ នេះ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយថ្នាក់ដឹកនាំរបស់ចិន មុននឹងត្រឡប់ប្រទេសកម្ពុជាវិញ។ នេះបើតាមការថ្លែងផ្តល់កិច្ចសម្ភាសន៍ថ្មីមួយ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការសម្រេចចេញទៅទីក្រុងប៉េកាំងនេះ គោលបំណងដើម្បីពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ របស់ចិនលើការងារទំនាក់ទំនង, បញ្ហាកំពុងកើតឡើងនៃមេរោគកូរ៉ូណា និងជាពិសេសបញ្ជាក់ពីជំហរអំពីការមិនជម្លៀសមន្រ្តី និងនិស្សិតរបស់កម្ពុជាចេញពីប្រទេសចិន ព្រមទាំងបញ្ជាក់មិនបិទជើងហោះហើរជាមួយចិននោះឡើយ។

សូមរំលឹកថា កាលពីរាត្រីថ្ងៃទី៤ ខែកុម្ភៈ សម្តេច ហ៊ុន សែន បានប្រាប់ប្រព័ន្ធឃោសនាថា លោកមិនអាចទៅសួរសុខទុក្ខនិស្សិតខ្មែរនៅចិនបានទេ គឺដោយសារភាគីចិន មិនអាចរៀបចំដំណើរទៅកាន់ទីក្រុង វូហាន (Wuhan) បាន​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរវិលត្រឡប់ទៅស្រុកខ្មែរវិញ ក្រោយបញ្ចប់កិច្ចប្រជុំនៅកូរ៉េខាងត្បូង ដោយលោកនឹងមិនទៅសួរសុខទុក្ខនិស្សិតខ្មែរ ដែលកំពុងជាប់ផុងនៅទីក្រុងវូហាន ប្រទេសចិននោះទេ។ លោកអះអាងថា ខាងភាគីចិនមិនអនុញ្ញាតឲ្យលោកទៅតំបន់ ដែលនិស្សិតខ្មែរកំពុងស្នាក់នៅនោះ ដោយសារតំបន់នោះ កំពុងរីករាលដាលមេរោគកូរ៉ូណា៕