នាយករដ្ឋមន្ត្រីនិវត្តន៍មកដល់កម្ពុជាវិញនៅម៉ោង ២រំលងអាធ្រាត្រ ក្រោយបំពេញទស្សនកិច្ចនៅកូរ៉េ និងចិន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូ បាននិវត្តន៍មកដល់កម្ពុជាវិញហើយ នៅម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែកុម្ភៈ នេះ ក្រោយដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋ កូរ៉េ និងសាធារណៈរដ្ឋប្រជាមានិត្យចិន ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈកន្លងទៅ។

នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន បានចូលរួមថ្លែងបើកមហាសន្និបាតនៃកិច្ចប្រជុំកំពូលពិភពលោកគម្រប់ខួប១០០ឆ្នាំ និង កិច្ចប្រជុំកំពូលអន្តរជាតិនៃក្រុមប្រឹក្សាសម្រាប់សន្តិភាព ក្រោមពីប្រធានបទ«សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» ព្រមទាំងបានជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំកំពូលរបស់សាធារណៈរដ្ឋកូរ៉េ មានទាំង លោក ម៊ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េ ជួបពិភាក្សារជាមួយនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េ លោក ជុង សៃឃ្យុង។ ក្នុងនោះសម្តេចតេជោ ក៏បានជួបលោក បាន គីមូន អតីតអគ្គលេខាធិកាអង្គការសហប្រជាជាតិ និងប្រធានភ្នាក់ងារសង្គមព័ត៌មានជាតិ និងជាប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់ លោកសាស្រ្តាចារ្យ អាញ់ មូនស៊ុក ផងដែរ។ បើតាម លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាគីទាំងពីរ កម្ពុជាកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី និងទំហំពាណិជ្ជកម្មទ្វេភាគី មានការកើនឡើងជាលំដាប់ ពិសេសការវិនិយោគរបស់កូរ៉េនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់រដ្ឋធានីប៉េកាំងសាធារណៈរដ្ឋប្រជាមានិត្យចិន ដើម្បីចូលរួមរំលែកទុក្ខ និងការលំបាករបស់រដ្ឋាភិបាល និងប្រជាជនចិនទល់ទៅនឹងវីរុសកូរ៉ូណា ដែលបានសម្លាប់ពលរដ្ឋចិនជិត៥០០នាក់។ សម្តេចតេជោ បានជួបមេដឹកនាំកំពូល របស់ចិន រាប់ទាំងនាយករដ្ឋមន្ត្រីចិន លី ខឹឈាង និងប្រធានាធិបតីចិន ហ្ស៊ី ជិនពីងផងដែរ។

លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ថា ទស្សនកិច្ចការងារបស់សម្តេចតេជោ នៅពេលនេះ បានធ្វើឲ្យទំនាក់ទំនងកម្ពុជាចិន កាន់តែស្អិតរមួតថែមទៀត ក្នុង កាលៈទេសដែលចិនកំពុងជួបការលំបាក។ សម្តេចតេជោ គឺជាមេដឹកនាំទី១ ក្នុងពិភពលោក ដែលបានធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងពេលដែលចិន កំពុងផ្ទុះវីរុសកូរ៉ូណា នៅទីក្រុងវូហាន ខេត្តហឺប៉ី៕