ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ប៉ុន្តែដកមាត្រា៤ និងកែសម្រួលពាក្យពេចន៍ នៅក្នុងមាត្រាមួយចំនួន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៏ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានអនុញ្ញាតជាគោលការណ៍ឲ្យប្តូរឈ្មោះទៅជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របទៅតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏ដូចជារបបគំហើញដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័ស មានជាលក្ខណៈសកល និងដើម្បីធ្វើឲ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ(នវានុវត្តន៍) របស់កម្ពុជាទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលទូលំទូលាយក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត។ ពិសេសជម្រុញ និងទាក់ទាញវិស័យវិទ្យាសាស្ត្រ ឲ្យមានការរីកចម្រើន និងជម្រុញការផ្ទេរបច្ចេកវិទ្យា ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤.០។
ការអភិវឌ្ឍន៍វិស័យនេះគឺជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់ការតភ្ជាប់រវាងសេដ្ឋកិច្ចសំខាន់ៗ ដែលជាឃ្នាស់ជម្រុញកំណើន និងបង្កើតការងារបន្ថែមក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម ដែលធ្វើឲ្យផលិតភាពកើនឡើង និងមានចំណូលខ្ពស់ជាងមុន ក្នុងដំណាក់កាលដែលកម្ពុជាកំពុងតែផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។
អភិវឌ្ឍន៍យ៉ាងលឿនរហ័សដែលពាក់ព័ន្ធជិតស្និតទៅនឹងផ្នែកវិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាសកល កម្ពុជាត្រូវការជាចាំបាច់នូវយន្តការគ្រប់គ្រងមួយច្បាស់លាស់លើរបបថ្មីនេះ ធ្វើយ៉ាងណាធានាឲ្យបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយចីរភាព និងការប្រកួតប្រជែងខ្ពស់ សំដៅធ្វើឲ្យកម្ពុជាសម្រេចបាននៅចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានដាក់ឆ្លងពិគ្រោះយោបល់ ពិភាក្សា ពិនិត្យកែសម្រួលឡើងវិញ ក្នុងកិច្ចប្រជុំអន្តរក្រសួងដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយមានក្រសួងពាក់ព័ន្ធចំនួន១៥ រួមទាំងតំណាងក្រុមប្រឹក្សាអ្នកច្បាប់ផងបានចូលរួមផ្តល់ជាមតិយោបល់ និងបានលើកឡើងនូវចំនុចមួយចំនួនពាក់ព័ន្ធនឹងទម្រង់ ខ្លឹមសារ បទបញ្ញតិ្ត ដែលគួរត្រូវបានកែសម្រួល និងចែងក្នុងសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងអនុក្រឹត្យនេះ៕