ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តទាំងស្រុងគម្រោងវិនិយោគចំនួនបី ផ្តោតលើគម្រោងវិនិយោគអគ្គិសនីដើរដោយធ្យូងថ្ម នៅកោះកុង ខេត្តឧត្តរមានជ័យ និងគម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនី។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា គម្រោងវិនិយោគនេះ មានភាពចាំបាច់ក្នុងការបំពេញឱ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី ធានាសុវត្ថិភាព និងសន្តិសុខ នៃការផ្គត់ផ្គង់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៤។
បើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងវិនិយោគលើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ចំនួន២កន្លែង ដើម្បីរកប្រភពអគ្គិសនីថ្មី បំប៉នសេដ្ឋកិច្ចជាតិ។ គម្រោងវិនិយោគទី១ រោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់សក្តានុពលរ៉ែធ្យូងថ្មដែលមាននៅក្នុងតំបន់នោះ។ តាមការគ្រោងទុក រោងចក្រនេះគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២។ រោងចក្រទី២ រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០ មេហា្កវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយប្រើប្រាស់ធ្យូងថ្មនាំចូលតាមច្រកសមុទ្រ ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤។
អ្នកនាំពាក្យ បានបន្ថែមថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ធ្វើការវិនិយោគលើគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមទំហំវិនិយោគសរុប ២៩៤លានដុល្លារអាមេរិក។ តាមកិច្ចព្រម ព្រៀង អគ្គិសនីកម្ពុជា ត្រូវធានាទិញថាមពល ៨៥% ស្មើនឹង១៧១២លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ក្រុមហ៊ុន HSCMC ក៏ធ្វើការវិនិយោគលើគម្រោងសាងសង់បណ្តាញបញ្ជូន២៣០គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនីនេះ មកអនុស្ថានីយខាងកើតសៀមរាប ក្នុងទំហំវិនិយោគសរុប ៦១,៤៥ លានដុល្លារអាមេរិក ក្រោមរូបភាពវិនិយោគគឺសាងសង់-ផេ្ទរ (Build-Transfer)។ ក្រុមហ៊ុននឹងធ្វើការសាងសង់បណ្តាញ សៀគ្វីប្រវែង ៣៥គីឡូម៉ែត្រ ពីអនុស្ថានីយអគ្គិសនីខាងកើតសៀមរាប ទៅអនុស្ថានីយអគ្គីសនីក្បែរអាកាសយានដ្ឋានសៀមរាបថ្មី និងសាងសង់ខ្សែបណ្តាញ ២៣០គីឡូវ៉ុល ចំនួន២សៀគ្វី ប្រវែង១០០ គីឡូម៉ែត្រ ពីរោងចក្រអគ្គិសនី ទៅអនុស្ថានីយអគ្គីសនីក្បែរអាកាសយានដ្ឋានសៀមរាបថ្មីផងដែររាជរដ្ឋាភិបាល ក៏បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន ROYAL GROUP សហការជាមួយក្រុមហ៊ុន SINOSTEEL EQUIPMENT & ENGINEERING CO.,LTD មកពីសាធារណរដ្ឋប្រជាមានិតចិន ធើ្វការអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយប្រើប្រាស់ធ្យូងថ្មនាំចូលតាមច្រកសមុទ្រ ក្រោមរូបភាពវិនិយោគ គឺសាងសង់-ធ្វើម្ចាស់-អាជីវកម្ម (Build-Own-Operate=BOO) ដោយគ្រោងចំណាយថវិកាវិនិយោគសរុប ១៣៤៤លានដុល្លារអាមេរិក។ អគ្គិសនីកម្ពុជា ត្រូវធានាទិញថាមពល៨០% នៃអានុភាពធានាផ្តល់ឲ្យបណ្តាញជាតិ ស្មើនឹង៤៧៦៥លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា គម្រោងវិនិយោគទាំង ៣នេះ មានភាពចាំបាច់ក្នុងការបំពេញឱ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី ធានាសុវត្ថិភាព និងសន្តិសុខ នៃការផ្គត់ផ្គង់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៤ ធានាឱ្យមានស្ថិរភាពផ្គត់ផ្គង់នៅរដូវប្រាំង ដែលវារីអគ្គិសនី មួយភាគធំពុំមានលទ្ធភាពផលិតបានច្រើន៕