ភ្នំពេញ ៖ លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា ការលក់ផលិតផលក្លែងក្លាយ និងអាចប្រឈមនឹងទោសទណ្ឌចំពោះមុខច្បាប់។ ជាមួយគ្នានេះ លោកបានក្រើនរំលឹកពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការទិញផលិតផលនានា តាមអនឡាញ ព្រោះផលិតផលខ្លះជាផលិតផលក្លែងក្លាយ ប៉ះពាល់ដល់សុខភាព។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមាគមអ្នកលក់ឱសថកម្ពុជា កាលពីម្សិលម៉ិញ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រ យ័ត្នខ្ពស់ចំពោះការទិញផលិតផល និងឱសថតាមអនឡាញ ត្បិតផលិតផល ខ្លះ មិនបានចុះបញ្ជីការត្រឹមត្រូវ និងប៉ះពាល់ដល់សុខភាពរបស់ប្រជាពល រដ្ឋ។ បើតាមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ បានធ្វើការចុះបង្ក្រាបអ្នកលក់ផលិតផលក្លែងក្លាយ តាមអនឡាញជាបន្តបន្ទាប់។ លោកបញ្ជាក់ថា ការចុះហត្ថជាមួយសមាគមអ្នកលក់ឱសថនៅពេលនេះ គឺដើម្បី រួមគ្នា សហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងការចរាចរណ៍ រឺលក់ផលិតផលឱសថ អន់គុណភាព និងឱសថក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរបំផុត។
លោក មៀច សុផាន់ណា បានឲ្យដឹងថា គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ គ្រោងដុតកម្ទេចចោលនូវផលិតផលក្លែងក្លាយ នៅខេត្តកំពង់ធំ ប្រមាណជា១០តោន ហើយផលិតផលក្លែងក្លាយ ប្រមាណជា ១០០តោន នឹងដុតកម្ទេចចោល នៅដើមខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។
លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានលើកឡើងថា ការចុះអនុស្សរណៈនេះ មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងការពារអ្នកវិនិយោគសុច្ចរិត និងសហគ្រាសទាំងឡាយដែល ប្រកបរបបស្របច្បាប់ និងរកស៊ីប្រកួតប្រជែងដោយភាពត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពិតជាបានផ្ដល់នូវសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជាផងដែរ។ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា មានសមាជិកភាពជាង ៥ពាន់ក្រុមហ៊ុន ដែលកំពុងប្រកបរបរវេជ្ជសាស្ត្រ ឱសថសាស្ត្រ ទន្តសាស្ត្រ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើម៕