ភ្នំពេញ ៖ ដោយផ្អែកស្ថានភាពចរាចរណ៍ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីចំណុចប្រសព្វ ក្តាន់២ រហូតដល់ស្តុបបេកាសេ មានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និង ដើម្បីធានានូវលំហូរចរាចរណ៍នៅតំបន់នេះអោយបានប្រសើរឡើងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើងដាក់លូទំហំ១ម៉ែត្រ ជាមួយនិងការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរ មួយផ្នែកទៅជារង្វង់មូលក្តាន់២ និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះ តែនៅរក្សារូបសំណាកក្តាន់២ឱ្យនៅដដែល។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពី ការពង្វាងចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាង មហាវិថីស៊ីធីសេនធ័រ(ផ្លូវ R6 )និងមហាវិថីសាធារណរដ្ឋឆេកដែលក្នុងសេចក្តីជូនដំណឹងនេះ បានជម្រាប់ជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់យានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទឱ្យបានជ្រាបថា កន្លងមកនេះ ស្ថានភាពចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពី ចំណុចប្រសព្វ ក្តាន់២ រហូតដល់ស្តុបបេកាសេ មានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារកំណើនយានយន្ត ដ៏គំហុកស្របតាមការរីកចម្រើនរបស់ប្រទេសកម្ពុជាជាពិសេសរាជធានីភ្នំពេញ។ ដោយពិនិត្យឃើញអំពីបញ្ហានេះ និងដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាងមហាវិថីសាធារណរដ្ឋឆេកនិងមហាវិថី ស៊ីធីសេនធ័រ នៃទីក្រុងរណបភ្នំពេញ ស៊ីធីសេនធ័រនោះ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តការងារដូចខាងក្រោម ៖
ទី១-ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណប ភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់) នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។
ទី២-កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់២ រវាង មហាវិថីស៊ីធីសេនធ័រ(ផ្លូវ R៦)និងមហាវិថីសាធារណរដ្ឋឆេក ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរ មួយផ្នែកទៅជារង្វង់មូលក្តាន់២ និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់២ឱ្យនៅដដែល។
រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តការដ្ឋានខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋម្ចាស់យានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ចន្លោះពីមហាវិថីព្រះមុនីវង្សមកដល់ ផ្លូវបត់ចូលមហាវិថីស៊ីធីសេនធ័រ ត្រង់ចំណុចប្រសព្វក្តាន់២រវាងមហាវិថីស៊ីធីសេនធ័រ(ផ្លូវR6 )និងមហាវិថីសាធារណរដ្ឋឆេក ជ្រាបនិងចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដោយឈរលើស្មារតីយោគយល់និងអធ្យាស្រ័យខ្ពស់៕