ក្រសួងទេសចរណ៍ នឹងបើកការិយាល័យនៅតាមក្រុង ស្រុក ខណ្ឌ ដែលចាំបាច់

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានសុំការសម្រេចពីក្រសួងមហាផ្ទៃ ដើម្បី​រក្សាទុក​ការិយាល័យ​ទេសចរណ៍​ដែល​មាន​ស្រាប់នៅតាមក្រុង ស្រុក ខណ្ឌមួយចំនួន និងស្នើសុំបើកការិយាល័យទេសចរណ៍ បន្ថែម​ទៀត​នៅ​តាមក្រុង ស្រុក ខណ្ឌ ដែលមានសក្ដានុពលខ្លាំង និងចាំបាច់សម្រាប់វិស័យទេសចរណ៍ ខណៈ​មាន​ការវាយតម្លៃឃើញថា ក្រុងទាំងអស់សុទ្ធតែចាំបាច់សម្រាប់វិស័យទេសចរណ៍។ នេះ​ជា​ការ​បញ្ជាក់​របស់លោក ឌួង វីរៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ពន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាល​ពី​ថ្ងៃ​ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

លោក ឌួង វីរៈ បានឱ្យដឹងថា កាល​ពី​កំឡុង​ពេល​ពិភាក្សា​លើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​រចនា​សម្ពន្ធ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ (អនុក្រឹត្យ៣ផ្សេងគ្នា) ក្រសួងទេសចរណ៍​ធ្លាប់​បាន​ធ្វើ​សំណើ​ទៅ​ក្រសួង​មហា​ផ្ទៃ ដើម្បីស្នើឱ្យរក្សាការិយាល័យទេសចរណ៍ ដែលមានស្រាប់នៅតាមក្រុង ស្រុក ខណ្ឌ​រួច​ហើយ​នោះ គឺសូមរក្សាទុក។ ចំពោះក្រុង ស្រុក ខណ្ឌចំនួនទៀត ដែល​ចាំបាច់​មួយ​សម្រាប់​វិស័យ​ទេសចរណ៍ ហើយ​មិនទាន់​មាន​ការិយាល័យ​ទេសចរណ៍ គឺសូម​បង្កើត​ឱ្យ​មាន​ការិយាល័យ​ទេសចរណ៍​ថ្មីៗបន្ថែមទៀត។

លោក​អនុរដ្ឋលេខាធិការបានបន្តថា អនុក្រឹត្យស្ដីពីរចនាសម្ពន្ធរដ្ឋបានក្រុង ស្រុក ខណ្ឌ បាន​បញ្ជាក់​ច្បាស់​ហើយ​ថា អនុញ្ញាតឱ្យក្រសួងទេសចរណ៍ធ្វើសំណើទៅក្រសួងមហាផ្ទៃ ប្រសិនបើក្រុង ស្រុក ខណ្ឌ​ណា មានសក្ដានុពលទេសចរណ៍ ហើយចាំបាច់ត្រូវបង្កើតការិយាល័យទេសចរណ៍ ដើម្បី​សុំ​បើក​ការិយាល័យ​ទេសចរណ៍​ថ្មីនៅក្រុង ស្រុក ខណ្ឌនោះ។ តាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍ ក្រុងទាំងអស់នៅប្រទេសកម្ពុជា សុទ្ធ​តែ​មាន​សក្ដានុពល​ទេសចរណ៍​ទាំង​អស់ ប៉ុន្តែដើម្បីបង្កើតការិយាល័យទេសចរណ៍បាន ការិយាល័យ​នោះ​ត្រូវ​មាន​ខ្សែ​គណនេយ្យ​ភាព​ចំពោះ​អភិបាលក្រុង ស្រុក ខណ្ឌរបស់ខ្លួន។

លោក​ថា ខុសគ្នាត្រង់ថា ពី​មុន​ការិយាល័យ​ទេសចរណ៍​ត្រូវ​មាន​ខ្សែ​គណនេយ្យ​ភាពត្រង់​ទៅ​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ឬត្រង់មកក្រសួងទេសចរណ៍ផ្ទាល់ ប៉ុន្តែបច្ចុប្បន្នអត់ធ្វើដូច្នោះទេ ដើម្បី​បើក​ការិយាល័យ​ទេសចរណ៍​នៅតាមក្រុង ស្រុក ខណ្ឌបាន ការិយាល័យ​នោះ​ត្រូវ​មាន​ខ្សែ​គណនេយ្យ​ភាព​ត្រង់ទៅអភិបាល​ក្រុង ស្រុក ខណ្ឌនោះ៕