ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា នឹងកាត់បន្ថយការនាំបន្លែ សាច់ ពីប្រទេសខាងក្រៅ ដោយការបង្កើនដាំដុះ និងចិញ្ចឹមក្នុងស្រុក ដោយមិនតម្រូវឲ្យប្រើគីមីច្រើន ខណៈបច្ចុប្បន្នប្រទេសកម្ពុជា បាននាំចូលបន្លែពីប្រទេសវៀតណាម និងថៃ រាប់រយតោន ក្នុងមួយថ្ងៃៗនោះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨–២០១៩ ចំនួន១,៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញនាព្រឹកថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ នឹងត្រូវ បំផុសឲ្យប្រជាពលរដ្ឋខ្មែរយើងធ្វើការដាំដុះដោយមិនឲ្យប្រើសារធាតុគីមី ហើយត្រូវកាត់បន្ថយ ការនាំចូលពីប្រទេសខាងក្រៅដែលបានប្រើប្រាស់គីមីច្រើននោះ។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បាននាំបន្លែ ប្រមាណ៤០០តោន ក្នុងមួយថ្ងៃៗពីប្រទេសវៀតណាម និងប្រទេសថៃ ដោយចំណាយថវិកាប្រមាណជាងពីររយលានដុល្លារអាមេរិក ខណៈ មន្រ្តីអះអាងថា ការដាំដុះនៅកម្ពុជា នៅមានកម្រិត និងខ្វះបច្ចេកទេស ជាំដើមនោះ៕