ភ្នំពេញ ៖ ដើម្បីអោយផលិតផលអាហារផលិតនៅក្នុងប្រទេសកម្ពុជាទទួលបានការគាំទ្រនៅលើទីផ្សារ ក្នុងស្រុក និងនៅបរទេសក្រសួងពាណិជ្ជកម្មបានជំរុញអោយភាគីពាក់ព័ន្ធលើកកម្ពស់ប្រសិទ្ធការងារកូដិច ដែលកូដិចនេះ ជាស្ដង់ដារអនាម័យមួយត្រូវបានបង្កើតឡើងរាប់សិបឆ្នាំមកហើយ និងមានប្រទេសភាគច្រើនក្នុងពិភពលោកបានអនុវត្តការងារនេះ ។
ក្រសួងពាណិជ្ជក្មបានរៀបចំនូវសិក្ខាមួយដោយសហការជាមួយគម្រោងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ នៅសណ្ឋាគារសុខាភ្នំពេញ រយៈពេលបីថ្ងៃពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ កុម្ភៈ២០២០ ។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានៅថ្ងៃទី១៨ កុម្ភៈ លោក ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ បានកើតឡើងតាំងយូរឆ្នាំមកហើយ ក្រោយមកទៀត ម្ហូបអាហារត្រូវបានផលិតឡើងសម្រាប់លក់និងប្រើប្រាស់ក្នុងតំបន់តែប៉ុណ្ណោះ ។ នៅក្នុងសតវត្សកន្លងទៅផលិតកម្មម្ហូបអាហារបានកើនឡើងគួរអោយកត់សម្គាល់ ដែលធ្វើអោយផលិតផលម្ហូបអាហារថ្មីៗបានចរាចរណ៍ទូទាំងពិភពលោក ។
លោកបន្តថា ការទទួលបានគ្រប់គ្រាន់នូវអាហារដែលមានសុវត្ថិភាព ជាគន្លឹះសំខាន់ធានាដល់ការរស់នៅ ប្រកបដោយសុខភាពល្អ និងជំរុញសកម្មភាពការងារប្រចាំថ្ងៃ ។ពាក់ព័ន្ធនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា កសិកម្មខ្នាតតូចនៅតែជាប្រភពស្បៀងដ៏សំខាន់ប្រចាំប្រទេស ដែលត្រូវមានភាពធានាដើម្បីធ្វើអោយមានខ្សែចង្វាក់តម្លៃស្បៀងអាហារ និងនិរន្តរភាពសុវត្ថិភាពសម្រាប់មនុស្សជាតិទាំងអស់គ្នា ។
លោក ផាន អូន អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជា បានមានប្រសាសន៍ផងដែរថា ការងារកូដិចមានសារៈសំខាន់ ដើម្បីឈានទៅរកការអភិវឌ្ឍស្តង់ដារម្ហូបអាហារ និងសុវត្ថិភាពអាហារពិភពលោក ។ នៅពេលប្រទេសកម្ពុជាគោរពតាមស្ដង់ដារជាក់លាក់បែបនេះ វានឹងអាចរកទីផ្សារដល់អ្នកផលិតខ្លួនឯងសម្រាប់លក់នៅលើទីផ្សារក្នុងស្រុកនិងប្រទេស ដោយសារតែស្តង់ដារកូដិចនេះ ត្រូវបានទទួលស្គាល់ពីប្រទេសជាច្រើននៅលើពិភពលោក ។
លោកបន្តថា ស្តង់ដារកូដិច នេះមិនតម្រូវអោយសហគ្រិនឬអ្នកផលិតម្ហូបអាហារអនុវត្តន៍តាមនោះទេ ព្រោះវាជាការស្ម័គ្រចិត្ត តែបើសិនជាសហគ្រាសមានស្តង់ដារនេះ វានឹងជំរុញអោយសហគ្រាសគាត់កាន់តែប្រសើរឡើង ។
បើតាមលោក អាឡិចហ្សង់ ហ្វីនតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានមានប្រសាសន៍ថា ស្ទើរតែគ្រប់ប្រទេសទាំងអស់ដែលជាសមាជិក នៃ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានអនុវត្តន៍នូវស្តង់ដារកូដិចនេះ តែការអនុវត្តស្តង់ដារនៅក្នុងប្រទេសនីមួយៗ មានកម្រិតខុសៗគ្នា តែអង្គការបានព្យាយាមធ្វើអោយយ៉ាងណាអោយកម្រិតស្តង់ដារនៃប្រទេសទាំងអស់មានគម្លាតស្តង់ដារនៅកៀកៗគ្នា ។
គួរបញ្ជាក់ថា គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចក្ខុកោណដំណាក់កាលទី៤ គឺការពង្រឹងការប្រកួតប្រជែង តាមរយៈការបង្កើតផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច លើកកម្ពស់គុណភាពគឺជាគោលនយោបាយអាទិភាព ៕