រដ្ឋបាលរាជធានីភ្នំពេញ បន្តប្រគល់ម៉ូតូដឹកសំរាមបែបទំថ្មីដល់ខណ្ឌចំនួន៤បន្ថែមទៀត

ភ្នំពេញ ៖ ជាទិសដៅរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការប្រគល់ជូន ម៉ូតូដឹកសំរាមទំនើបៗឱ្យគ្រប់ខណ្ឌ និងសង្កាត់ទាំង១០៥ ដើម្បីងាយស្រួលក្នុងការនាំយកកាកសំណល់ទៅចាក់ ឬ ប្រមូលផ្តុំ នៅទីលានចាក់សំរាម ធ្វើយ៉ាងណាពន្លឿនការងារប្រមូលសំរាម និងថែរក្សាបរិស្ថាន អនាម័យ ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់ម៉ូតូដឹកសំរាមទំនើបៗជាលើកទី៣នេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ទៅឱ្យខណ្ឌចំនួន៤គឺខណ្ឌកំបូលចំនួន៧គ្រឿង ខណ្ឌដង្កោរ១២គ្រឿង ខណ្ឌព្រែកព្នៅ៥គ្រឿង និងខណ្ឌច្បារអំពៅចំនួន២គ្រឿងបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីទី៤ខែវិច្ឆិកា ឆ្នាំ២០១៩ អភិបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូដឹកសំរាមប្រភេទទំនើបនេះលើកទី១ដល់ចំនួន៤ គឺខណ្ឌ ជ្រោយចង្វារ,ដូនពេញ,ចំការមន និងខណ្ឌបឹងកេងកង លើកទី២នៅដើមខែកុម្ភៈ ឆ្នាំ២០២០ ប្រគល់ទៅខណ្ឌ ច្បារអំពៅ, ពោធសែនជ័យ,មានជ័យ,ទួលគោក ,៧មករា ,សែនសុខ និងរដ្ឋាករស្វយ័តផ្សារធំថ្មីចំនួន១គ្រឿង ៕