ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញបានព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពឈ្មួញដែលនាំចូលសត្វតាមព្រំដែនដោយខុសច្បាប់។
ជាមួយគ្នានោះលោក វេង សាខុន ក៏បានជំរុញឲ្យអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វត្រូវ «ពង្រឹងយន្តការត្រួតពិនិត្យ និងគ្រប់គ្រងចលនាសត្វ ផលិតផលមានដើមកំណើតពីសត្វ ស៊ុត ចេញ ចូល និងនាំឆ្លងកាត់ តាមដានព័ត៌មានស្តីពីស្ថានភាពជំងឺឆ្លងសត្វ នៅប្រទេសជិតខាង ជាពិសេសអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដោយចាត់វិធានការទាំងផ្លូវច្បាប់ និងបច្ចេកទេសឱ្យខាងតែបាន និងទាន់ពេលវេលា មានប្រសិទ្ធភាពចំពោះការនាំចូលសត្វតាមព្រំដែនខុសច្បាប់»។ បន្ថែមលើនេះទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីជំនាញក្រោមឱវាទគ្រប់ជាន់ថ្នាក់ រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវបង្កើនកិច្ចសហការកាន់តែទ្វេឡើងដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យ កសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មសត្វ សុខភាពសត្វ និងសុខភាពសាធារណៈ។
ការណែនាំនេះធ្វើឡើង ក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០៕