ក្រសួងអប់រំណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាត្រូវរៀបចំកន្លែងលាងដៃ និងមានឧបករណ៍ស្ទង់កម្តៅសិស្ស

ភ្នំពេញ ៖ ក្រោយពីវត្តមានជំងឺផ្លូវដង្ហើមប្រភេទថ្មី ខូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា ក្រសួង អប់រំយុវជន និង កីឡា បានចូលរួមចាត់វិធានការ ដើម្បីការពារដល់សិស្សានុសិស្សដែល កំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំនានានៅក្នុងប្រទេស ដោយបានណែនាំគ្រឹះស្ថានសិក្សាទូទាំងរាជធានីខេត្ត ត្រូវត្រៀមទឹកស្អាត សាប៊ូលាងដៃនៅក្បែរថ្នាក់រៀន បន្ទប់ទឹក និងកន្លែងលាងដៃ។

ជាពិសេសត្រូវត្រួតពិនិត្យតាមដានសុខភាពសិស្ស និងបុគ្គលិកអប់រំដោយ ប្រើឧបករណ៍វាស់ស្ទង់កម្តៅជាប្រចាំ ដើម្បីប្រឆាំងពិនិត្យរកជំងឺ កូវីដ-១៩ (COVID-19) ជំងឺផ្តាសាយបក្សី H5N1 និងផ្តាសាយជ្រូកH1N1។ នេះបើតាមការផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សេចក្តីណែនាំរបស់ក្រសួងអប់រំ បានបញ្ជាក់ថា បើករណីមានសិស្ស និងបុគ្គលិកអប់រំណាមានកម្តៅលើសពី ៣៧អង្សាសេ ឡើងទៅ គ្រប់គណៈគ្រប់គ្រងសាលានីមួយៗ ត្រូវអនុញ្ញាតឲ្យសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលសង្ស័យមានរោគសញ្ញាដូចជំងឺកូវីដ-១៩ ត្រូវសម្រាកមួយរយៈសិន ដើម្បីតាមដានមើលសុខភាព និងណែនាំឲ្យទៅទទួលសេវាកម្មត្រួតពិនិត្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។

ទន្ទឹមនឹងនោះដែរ នៅតាម គ្រឹះស្ថានសិក្សានានា ក្រសួងបានលើកទឹកចិត្ត ឱ្យបុគ្គលិក និងសិស្សានុសិស្ស ពាក់ម៉ាសការពារជាប្រចាំ ព្រមទាំងមានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុនពេលចូលរៀនជាដើម ដោយមានឧបករណ៍វាស់កំដៅស្វ័យប្រវត្តិជាជំនួយ ។ដើម្បីអាចឲ្យសិស្សទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ក្រសួងអប់រំណែនាំឲ្យផឹកទឹកឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណឲ្យបាន៣០នាទី យ៉ាងតិចឲ្យបាន ៣ទៅ ៥ដង ក្នុងមួយសប្តាហ៍ ត្រូវលាងដៃជាមួយសាប៊ូ មុនពេលកាន់ចំណីអាហារ ឬចេញពីបន្ទប់ទឹក ដើម្បីជៀសវាងការយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់។ ត្រូវពាក់ម៉ាស់ជាប្រចាំ ឬក្រណាត់ខ្ទប់មាត់ និងច្រមុះ។ កុំប៉ះពាល់សត្វបក្សី និងសត្វចិញ្ចឹមគ្រប់ប្រភេទ បើប៉ះត្រូវទៅលាងដៃជាបន្ទាន់។ ជាពិសេសត្រូវបរិភោគអាហារឆ្អិន។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់ថា ក្រសួងអប់រំបានចាត់ចែងឲ្យនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ សហការជាមួយក្រសួងពាក់ព័ន្ធទៅលើការរៀបចំផែនការឲ្យគ្រឹះស្ថានសិក្សាមានកន្លែងលាងដៃ និងសាប៊ូលាងដៃនិងវិធានការផ្សេងៗទៀត ដើម្បីប្រឆាំងទប់ស្កាត់ការចម្លងមេរោគ ខូវីដ ១៩ នេះ៕