ចិន ៖ ក្រុមគ្រូពេទ្យជំនាញចិនមួយក្រុមបានធ្វើដំណើរទៅដល់រដ្ឋធានីបាកដាដប្រទេសអ៊ីរ៉ាក់កាលពីយប់ថ្ងៃសៅរ៍ ដែលវាគឺជាផ្នែកមួយនៃជំនួយរបស់ប្រទេសចិន ដើម្បីជួយដល់ប្រទេសអ៊ីរ៉ាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។
លោក Tao Zhongquan ដែលជាប្រធានក្រុមគ្រូពេទ្យជំនាញមកពីសមាគមកាកបាទក្រហមចិនបានប្រាប់ភ្នាក់ងារសារព័ត៌មានស៊ីនហួថា៖ ក្រុមនេះមានគ្រូពេទ្យជំនាញចំនួន ៧ នាក់ ដែលមកពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរបស់ប្រទេសចិន។ ហើយក្នុងនោះដែរ ពួកយើងរំពឹងថា នឹងស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់រយៈពេលមួយខែពេញ ដើម្បីជួយដល់រដ្ឋាភិបាលអ៊ីរ៉ាក់ដោះស្រាយបញ្ហានៃវីរុសឆ្លងកូរ៉ូណាដូចជា ការធ្វើតេស្ត ការព្យាបាល និងការតាមដានករណីឆ្លងផ្សេងៗទៀត។
ជាមួយគ្នានោះដែលលោក Jasim al-Falahi អនុរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ាក់ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសអ៊ីរ៉ាក់ ហើយពួកយើងពិតជាកោតសរសើរចំពោះទឹកចិត្តរបស់រដ្ឋាភិបាលនិងប្រជាជនចិនដែលបានជួយដល់ពួកយើងនៅគ្រាអាសន្ននេះ។
សូមជម្រាបថា បើគិតរហូតមកដល់ពេលនេះ ប្រទេសអ៊ីរ៉ាក់មានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៥៤ នាក់ ហើយក្នុងនោះមាន ៤ នាក់បានស្លាប់បាត់បង់ជីវិត។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធររបស់ប្រទេសអ៊ីរ៉ាក់ ក៏បានចាត់វិធានការណ៍ការពារជាប្រចាំ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសឆ្លងដ៏កាចសាហាវកូរ៉ូណា៕