ភ្នំពេញ ៖ ជំងឺខូវីដ-១៩ នឹងបង្កផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា¬ ដែលក្នុងនោះតាមការវាយ តម្លៃបឋម មានវិស័យចំនួនពីរត្រូវរងផលប៉ះពាល់ធ្ងន់ជាងគេគឺ វិស័យទេសចរណ៍ ពិសេសនៅខេត្តសៀមរាប និងវិស័យកាត់ដេរ ដែលក្នុងនេះ មានកម្មករ-និយោជិតភាគច្រើនជាស្រ្តី។ នេះជាការលើកឡើងរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដែល ក្រសួងរៀបចំពិធីអបអរសាទរខួបលើកទី១០៩នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៩ មីនានេះ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថាជាការពិត ក្នុងពេលថ្មីៗនេះ ជម្ងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបណ្តាលមកពីមេរោគខូវីដ-១៩ បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយទៀត ក្នុងចំណោមបញ្ហាប្រឈម មានស្រាប់នានាសម្រាប់សកលលោក ដែលបង្កើតជាការព្រួយបារម្ភដល់វិនិយោគិន, និយោជិត និងសាធារណ ជនជាទូទៅ។ ឯកឧត្តមបន្តថា ដូចប្រទេសដទៃទៀតនៅក្នុងតំបន់ ជម្ងឺខូវីដ-១៩ នេះ ក៏បង្កផលប៉ះពាល់មក លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា¬ផងដែរ ដែលក្នុងនោះ តាមការវាយតម្លៃបឋមថា មានវិស័យចំនួនពីរ រង ផលប៉ះពាល់ធ្ងន់ជាងគេ គឺ៖ (ទី១)-វិស័យទេសចរណ៍ ពិសេសនៅ ខេត្តសៀមរាប និង (ទី២)-វិស័យកាត់ដេរ ដែលក្នុងនេះមានកម្មករ-និយោជិតភាគច្រើនជាស្រ្តី។ តែក្នុងបរិការណ៍នេះ ក្នុងស្មារតីបុរេសកម្ម និងការយក ចិត្តទុកដាក់ខ្ពស់ដល់ការធានាលំនឹងសេដ្ឋកិច្ច និងសង្គម ពិសេសលំនឹងជីវភាពរស់នៅរបស់កម្មករ-និយោជិត រាជរដ្ឋាភិបាលបានសម្រេចចិត្តដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់មួយចំនួន ដោយគិតគូរលើគ្រប់ទិដ្ឋភាព សំដៅជួយដល់គ្រប់តួអង្គពាក់ព័ន្ធផង និងជំរុញលើកស្ទួយកំណើននៅតាមវិស័យដែលមានសល់សក្តានុពល ផង រួមមាន៖ (ទី១)-ជួយដល់ក្រុមហ៊ុនដែលទទួលរងផលប៉ះពាល់ខ្លាំង ដើម្បីឲ្យក្រុមហ៊ុនទាំងនោះអាចបន្ត អាជីវកម្មបាននៅក្នុងពេលដ៏លំបាកនេះ; (ទី២)-ជួយដល់កម្មករ-និយោជិត ក្នុងករណីត្រូវបាត់បង់ ឬ ត្រូវព្យួរ ការងារឱ្យមានលំនឹងជីវភាព និងអាចលើកកម្ពស់ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួនសម្រាប់អនាគត និង (ទី៣)-ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេស ជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹង ខ្នងនៃសេដ្ឋកិច្ចជាតិ ហើយថា រាជរដ្ឋាភិបាលមានជំនឿថា វិធានការដែលត្រូវបានដាក់ចេញមកនេះ មិនត្រឹម តែជួយកាត់បន្ថយផលប៉ះពាល់ចំពោះមុខប៉ុណ្ណោះទេ តែក៏នឹងជួយលើកស្ទួយភាពប្រកួតប្រជែងដល់វិស័យ ទាំងនោះ និងសេដ្ឋកិច្ចជាតិទាំងមូល នៅពេលជំងឺខូវិដ-១៩ បានឆ្លងផុតទៅផងដែរ៕