ក្រសួងពាណិជ្ជកម្មអំពាវនាវអោយអាជីវកររក្សាតម្លៃទំនិញក្នុងពេលផ្ទុះជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្នុងពេលជំងឺកូរ៉ូណា បានកើតឡើងលើពលរដ្ឋខ្មែរម្នាក់នៅខេត្តសៀមរាប ប្រជាពលរដ្ឋកម្ពុជា បាននាំគ្នាសម្រុកទិញស្បៀងទុកនៅផ្ទះ ដែលធ្វើអោយការលក់ដូររបស់អាជីវករមួយចំនួន មិនថានៅផ្សារទំនើប ឬនៅតាមផ្សារនានានោះឡើងមមាញឹកលក់ដូរជាខ្លាំង ។ ក្នុងពេលនេះដែរ ក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវដល់អាជីវករទាំងអស់ រក្សាតម្លៃទំនិញលើទីផ្សារដដែលដើម្បីសម្រួលជីវភាពពលរដ្ឋផងដែរ ។

នៅក្នុងសេចក្តីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ក្នុងពេលនេះ មានហាងលក់ទំនិញមួយចំនួនតូច បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញ ដូចជាម៉ាស់ការពារមុខ អាល់កុលលាងដៃ និងទំនិញចាំបាច់មួយចំនួនទៀត ដែលសកម្មភាពទាំងនេះ អាចបង្កអោយមានចលាចលក្នុងសង្គមធ្ងន់ធ្ងរ ។

ក្នុងស្ថានភាពនេះក្រសួងពាណិជ្ជកម្មសូមជម្រាបជូននិងអំពាវនាវនិងជូនដំនឹងដល់ពលរដ្ឋថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិនដែលមានក្នុងប្រទេស អាចធានាដល់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅ ប្រទេសទៀតផង ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជានិងក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ។ មួយទៀតសូមប្រជាពលរដ្ឋមេត្តារក្សាភាពនឹងនរ កុំជ្រួលច្របល់ហួសហេតុ នាំអោយជនឱកាសនិយមអាចឆ្លៀតយកចំនេញតាមរយៈការលក់ដំឡើងថ្លៃទំនិញ ដោយមិនសមហេតុផល។ ហើយម្ចាស់ហាងទំនិញទូទៅប្រកាន់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញស្រេចតែអំពើចិត្ត ។ ក្នុងករណីរកឃើញភាពមិនប្រក្រតីអាជ្ញារមានសមត្ថកិច្ចនឹងចាត់វិធានតាមផ្លូវច្បាប់ ។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការជាមួយស្ថាប័នផ្សេងទៀត ចាត់វិធានការសមស្រប ដើម្បីធានានូវចរាចរទំនិញទូទៅ និងការផ្គត់ផ្គង់ គ្រឿងឧបភោគបរិភោគចាំបាច់ សម្រាប់បម្រើជីវភាពរបស់ប្រជាជនយើងនៅក្នុងកាលៈទេសៈនេះ ។ ក្រសួងពាណិជ្ជកម្មនឹងចាត់មន្ត្រីជំនាញ អោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ និងត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ព្រមទាំងដាក់ចេញនូវវិធានការផ្លូវច្បាប់ក្នុងករណីរកឃើញ ជនខិលខូចដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញជ្រុលហួសហេតុ ៕