កម្ពុជាផ្ញើអាខោនហ្វេសប៊ុកជាង១០ដែលផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ឱ្យក្រុមហ៊ុនចាត់វិធានការ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានអះអាងថា ក្រសួងបានផ្ញើផេកហ្វេសប៊ុកចំនួនជាង១០ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកដើម្បីចាត់វិធានការក្នុងការផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះក្រសួងព័ត៌មានបានបញ្ជូនឈ្មោះផេកហ្វេសប៊ុក ជាង១០ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកដើម្បីចាត់វិធានការក្នុងការផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចពិភាក្សាស្ដីពីសារព័ត៌មានចំពោះមុខជំងឺកូវីដ-១៩ និងព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ លោក ផុស សុវណ្ណ បានលើកឡើងថា ការបើកកិច្ចប្រជុំរវាងអ្នកសារព័ត៌មាន និងមន្រ្ដីជំនាញក្រសួងសុខាភិបាលនេះ គឺដើម្បីបង្កើននូវវិធានការអប់រំ ក៏ដូចជាការផ្សព្វផ្សាយដំណឹងតាមបណ្តាញសង្គមដែលបានផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

លោកបានបន្ដថា សម្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលបានផ្សាយព័ត៌មានក្លែងក្លាយ ហើយស្ថាប័ននេះបានចុះបញ្ជីត្រឹមត្រូវនៅក្នុងក្រសួងព័ត៌មាន ក្រសួងអាចណែនាំទៅម្ចាស់ ដើម្បីធ្វើការកែតម្រូវបាន។ ទន្ទឹមនេះ កន្លងមកក្រសួងព័ត៌មានបានធ្វើការសហការជាមួយក្រសួងចំនួន៣ រួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ។ លោកបានបន្ថែមថា “សម្រាប់ដំណឹងក្លែងក្លាយគឺយើងឱ្យឈ្មោះ ឬអត្តសញ្ញាណរបស់ផេក ឬអាខោនមួយចំនួនទៅក្រសួងមហាផ្ទៃដើម្បីចាត់ការករណីនេះ។ សម្រាប់ព័ត៌មានក្លែងក្លាយផ្សាយតាមរយៈបណ្តាញសង្គម ហើយបានចុះបញ្ជីនៅក្រសួងព័ត៌មាននោះ ក្រសួងព័ត៌មានអាចចាត់វិធានការដោយខ្លួនឯងបាន។ ដោយឡែក មានការគេហទំព័រមួយចំនួនក៏ផ្សាយព័ត៌មានក្លែងក្លាយដែរ ប៉ុន្តែមិនបានចុះបញ្ជីនៅក្រសួងព័ត៌មានទេ យើងក៏ប្រគល់ទៅឱ្យក្រសួងប្រៃសណីយ៍ ចាត់វិធានការ។”

លោកបានគូសបញ្ជាក់ថា កន្លងមកនេះ មានផេក និងអាខោនជាង១០បានផ្សាយយ៉ាងសកម្មអំពីជំងឺកូវីដ-១៩ ដោយបំភ្លៃព័ត៌មានមិនពិត ដែលធ្វើឱ្យមានការយល់ច្រឡំ ដោយចេតនាតែម្តង។ លោកបានបន្ថែមថា “អីចឹងយើងបានផ្ញើអាខោន ឬផេកទាំងនោះទៅក្រុមហ៊ុនហ្វេសប៊ុក ប៉ុន្តែពេលខ្លះក្រុមហ៊ុនហ្វេសប៊ុកថាចំណុចមួយចំនួនមិនទាន់ខុសនឹងស្តង់ដាររបស់សហគមន៍ហ្វេសប៊ុក អីចឹងគាត់បានចាត់វិធានការខ្លះៗ”៕