រកឃើញជនជាតិអង់គ្លេស២នាក់ទៀតផ្ទុកជំងឺ Covid-19 លើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យបានរកឃើញអ្នកដំណើរលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម មានផ្ទុកជំងឺ Covid-19 ចំនួន២នាក់ទៀត ជាបុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ និងស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត វ័យ៦៩ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញ ព័ត៌មានរបស់សក្រសួងខុភិបាល។

ការរកឃើញមេរោគកូវីដ១៩ លើខ្លួនជនជាតិអង់គ្លេស២នាក់ប្តីប្រពន្ធថ្មីនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានយកសំណាករបស់មនុស្ស៥៩នាក់ នៅលើនាវា Viking Cruise Journey ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ អ្នកឆ្លងថ្មីនេះ គឺបុរសជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំ និងប្រពន្ធរបស់គាត់ជាជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ។

សរុបអ្នកដំណើរតាមនាវាជាជនជាតិអង់គ្លេស វិជ្ជមានវិរុសកូវីដ១៩ គឺមានចំនួន៣នាក់ ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើការនៅលើនាវាទាំងអស់សរុបចំនួន៦៤នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។

សរុបចំនួនអ្នកឆ្លង Covid-19 នៅកម្ពុជាបានកើនឡើងដល់៥នាក់ក្នុងនោះមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។