ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសកម្ពុជា លោក វ៉ាង វិន ធៀន (Wang Wen Tian) នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះអញ្ជើញបើកសមយុទ្ធនាគមាស ឆ្នាំ២០២០ នៅខេត្តកំពត បានអះអាងថា ចិននឹងបន្ដជួយដល់កម្ពុជា ក្នុងប្រតិបត្តិការការពារទប់ស្កាត់វីរុស កូវីដ-១៩ ខណៈនៅពេលថ្មីៗនេះរដ្ឋាភិបាលចិន បានផ្ដល់សម្ភារៈ បរិក្ខារមួយចំនួនដល់កម្ពុជារួចហើយ ដើម្បីការពារទប់ស្កាត់ វីរុសដ៏កាចសាហាវមួយនេះ។
សូមរំលឹកថា សម្ភារៈដែលភាគីចិន បានផ្ដល់ជូនកម្ពុជានាពេលថ្មីៗនេះ រួមមាន ៖ ថ្នាំសម្រាប់ធ្វើតេស្ដរកវីរុស កូវីដ-១៩ ចំនួន២.០០០ឈុត, អាវពេទ្យសម្រាប់ការពារ ចំនួន៥.០០០កំផ្លេ, ម៉ាសពេទ្យ N95 ចំនួន៥.០០០ម៉ាស និងម៉ាសពេទ្យធម្មតា ចំនួន ២០ម៉ឺនម៉ាស៕