បុគ្គលិកអង្គការសហប្រជាជាតិទាំងអស់ត្រូវធ្វើការងារនៅតាមផ្ទះ

ញូវយ៉ក ៖ ដើម្បីបន្ធូរបន្ថយការរីករាលដាលនៃវីរុស COVID-19 នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនាទីក្រុង New York លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់ឲ្យបុគ្គលិកទាំងអស់ ឲ្យធ្វើការងារពួកគេពីផ្ទះមក ចាប់ពីថ្ងទី១៦ ខែមីនា រហូតដល់ថ្ងៃទី១២ ខែមេសា ខាងមុខ។

លោក Antonio Guterres អះអាងថា “ការសម្រេចនេះ ដោយផ្អែកលើកិច្ចពិគ្រោះយោបល់ជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមានប្រធានវេជ្ជសាស្រ្ត ខ្ញុំបានសម្រេចចិត្តបង្កើតវិធានការនៅទីស្នាក់ការកណ្តាល ដើម្បីបន្ធូរបន្ថយការរីករាលដាលនៃវីរុស COVID-19″ ។

សូមជម្រាបថា ថ្មីៗនេះ ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានប្រកាសដាក់ប្រទេសក្នុងគ្រោះអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ក្រោយពលរដ្ឋអាមេរិចចំនួន ៤១នាក់ស្លាប់ និងជាង ១.៧០០នាក់ឆ្លងវីរុសកូវីដ៕