នាយករដ្ឋមន្ត្រីព្រមានចាត់ការលើហ្វេសប៊ុកណាបំភ្លៃព័ត៌មានពីសុខភាពរបស់លោក

ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នឹងចាត់វិធានការយ៉ាងម៉ឺងមាត់ចំពោះគណនីហ្វេសប៊ុកណាមួយប្រឌិតបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងតាមទំព័រហ្វេកប៊ុករបស់លោកយ៉ាងដូច្នេះថា«កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើគណនីហ្វេសប៊ុកណាមួយប្រឌិតបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្ត្រី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ រាជរដ្ឋាភិបាល និងចាត់វិធានការយ៉ាងហ្មឹងម៉ាត់ចំពោះសកម្មភាពឧក្រិដ្ឋនេះ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំនោះថា គណនី Facebook ទាំងឡាយណាដែលប្រឌិតព័ត៌មានអាក្រក់លើស្ថានភាពសុខភាពរបស់នាយករដ្ឋមន្ត្រីនៅក្នុងតំណែងនាំឱ្យមានការជ្រួលច្របល់មតិសាធារណៈប៉ះពាល់ដល់សន្តិសុខជាតិ គឺជាការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ៕