អាមេរិក ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ផ្តល់ថវិកាជាង ១០០ពាន់លានដុល្លារ ដើម្បីទប់ទល់ នឹងការរីករាលដាលវីរុសកូរ៉ូណា តាមរយៈការផ្តល់ហិរញ្ញប្បទាន ដល់ការធ្វើតេស្តរកមេរោគ ដោយឥតគិតថ្លៃ ពន្យារថ្ងៃឈប់សម្រាក ជំនួយស្បៀងអាហារបន្ថែម និងជំហានផ្សេងទៀតដែលត្រូវការជាបន្ទាន់។
ច្បាប់ ដែលត្រូវបានអនុម័តដោយសំឡេងឆ្នោត ៩០-៨ ឥឡូវនេះ ត្រូវបានបញ្ជូនទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខា ចូលជាធរមាន បន្ទាប់ពីសភា បានអនុម័តវិធានការណ៍ ហើយបច្ចុប្បន្ន សភា និងសេតវិមាន កំពុងពិភាក្សាបន្ថែម អំពីច្បាប់ជំរុញសេដ្ឋកិច្ចដែលកាន់តែធំទូលាយជាមុន។
បន្ទាប់ពីការអនុម័តច្បាប់ មេដឹកនាំព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitch McConnell បាននិយាយថា បន្តទៀត សភានឹងធ្វើការលើច្បាប់ ដែលមានគោលបំណង ជួយដល់អាជីវ កម្ម ខ្នាតតូច ដោយផ្តល់ប្រាក់ដល់ជនជាតិអាមេរិកដោយផ្ទាល់ និងជួយឧស្សាហកម្មមួយ ចំនួន ក្នុងកំឡុងពេលមានវិបត្តិវីរុសនេះ។
គួរបញ្ជាក់ថាមេរោគឆ្លងដែលបានបង្ហាញខ្លូន នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន បច្ចុប្បន្ន បានឆ្លងដល់មនុស្សជាង ២១២.០០០នាក់ និងបណ្តាលឱ្យមនុស្ស ៨.៧០០ នាក់ស្លាប់ នៅក្នុង១៦៤ ប្រទេស ដែលបង្កឱ្យមានការបិទការចេញចូលនៅក្នុងប្រទេសមួយចំនួន៕