ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ ប្រាប់អ្នកកាសែត នៅព្រឹកថ្ងៃទី២០ មីនានេះថា ក្រសួងកំពុងពិចារណាផ្អាកការ ចូលសួរ សុខទុក្ខអ្នកទោស នៅក្នុងពន្ធនាគារនៅក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាល ដាល នៃជំងឺកូវីដ១៩។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងកំពុងពិចារណាថា តើអាចនឹងសុំផ្អាកជាបណ្តោះអាសន្ន ចំពោះអ្នកដែលទៅសួរ សុខទុក្ខ ទោះបីជានរណាក៏ដោយ ត្រូវផ្អាកសួរសុខទុក្ខក្នុងរយៈពេល១៤ថ្ងៃ។ វិធានការនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ១៩ ក្នុងចំណោមអ្នកទោស។ កាលពីថ្ងៃទី០៨ ខែមីនា ក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការ៩ចំណុច សម្រាប់ឱ្យ អង្គភាពចំណុះអនុវត្ត ដើម្បីទប់ស្កាត់ចំពោះការរីករាលដាលជំងឺកូវីដ។
សម្តេចក្រឡាហោម ក៏បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក៏បានសម្រេចផ្អាកសាលា បណ្តុះ បណ្តាលនគរបាលទូទាំងប្រទេស និងបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលាបណ្តុះ បណ្តាលមន្ត្រីស៊ីវិលផ្សេងទៀត ដើម្បីជាវិធានការទប់ស្កាត់ការរីករាលដាល។
កាលពីថ្ងៃពុធកន្លងទៅ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ ដែលមានសម្តេចតេជោជាប្រធាន អមដោយឧបនាយករដ្ឋមន្ត្រីចំនួន៤រូប ដើម្បីទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដ៕