ភ្នំពេញ ÷ ឯ.ឧ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អូស្មាន់ ហាស្សាន់ បានបញ្ជាក់ឲ្យដឹងនៅក្នុង សន្និសីទកាសែត នៅរសៀលថ្ងៃទី២១ ខែមីនា នេះថា បងប្អូនខ្មែរ-អ៊ីស្លាម ចំនួន ៧៩នាក់ ដែលបានទៅចូលរួមកម្មវិធីសាសនានៅម៉ាឡេស៊ី ត្រូវបាននាំយកមកធ្វើតេស្តរួចរាល់អស់ ហើយ។ ក្នុងចំណោម៧៩នាក់ ដែលបានទៅចូលរួមផ្ទាល់នៃកម្មវិធីសាសនា មានចំនួន ២៣នាក់ ដែលរកឃើញវីរុសកូវីដ ១៩។
នៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នេះ ឯ.ឧ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អូស្មាន់ ហាស្សាន់ បានបញ្ជាក់ថា បងប្អូនខ្មែរ-អ៊ីស្លាម ចំនួន ៧៩ នាក់ និងអ្នកពាក់ព័ន្ធ រាប់ទាំងប្រពន្ធកូន ក្រុមគ្រួសារ និងអ្នកប្រាស្រ័យទាក់ទងផ្ទាល់ ចំនួនជាង ៣០០នាក់ ត្រូវបាននាំយកមកធ្វើតេស្តរួចរាល់អស់ហើយ។ មានតែ២៣ករណី ប៉ុណ្ណោះ ក្នុងចំណោមបងប្អូនខ្មែរអ៊ីស្លាមចំនួន៧៩នាក់ ដែលបានទៅចូលរួមពិធីសាសនា ដោយផ្ទាល់នៅម៉ាឡេស៊ី។បើតាមក្រសួងសុខាភិបាល មកដល់ពេលនេះ មានភរិយា ចំនួន ២នាក់ នៅបាត់ដំបង និងអ្នកប្រាស្រ័យទាក់ទងម្នាក់នៅច្រាំងចំរេះ ត្រូវបានរក ឃើញ វិជ្ជមាន ដោយឆ្លងពីអ្នកដែលបានទៅចូលរួមសាសនានៅប្រទេស ម៉ាឡេស៊ី។
ឯ.ឧ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជនជាតិខ្មែរអ៊ីស្លាម ដែលមានឆ្លងវីរុសថ្មីនេះ នៅ មានសុខភាពល្អ គ្មានលក្ខណៈធ្ងន់ធ្ងរអ្វីនោះឡើយ។ ឯ.ឧ បានស្នើទៅក្រសួងសុខាភិបាល ឲ្យធ្វើការពិនិត្យ និងធ្វើតេស្តចំនួនបីដំណាក់កាល គឺទី១. ធ្វើតេស្តលើសមាជិកក្រុមគ្រួសារ ផ្ទាល់ ទី២. អ្នកប្រាស្រ័យទាក់ទងដោយផ្ទាល់ និងទី៣. អ្នកប្រាស្រ័យទាក់ទងឆ្ងាយ ដើម្បី ធានាទប់ស្កាត់ និងឆ្លងរីករាលដាលបន្ថែមទៀត។ ដើម្បី ទប់ស្កាត់ការរីករាល ដាលវីរុសថ្មី សាសនាអ៊ីស្លាម បានធ្វើការលុបចោលកម្មវិធីសាសនាអ៊ីស្លាមដ៏ធំ ដែលនឹងមានសាសនិក អ៊ីស្លាមចំនួន ៥ម៉ឺននាក់ នៅខេត្តត្បូងឃ្មុំ។ ឯ.ឧ អូស្មាន ហាស្សាន់ ដែលជាមន្ត្រីជាន់ខ្ពស់ ផ្នែកសាសនាអ៊ីស្លាម នៅកម្ពុជាក៏បានអំពាវនាវទាំងពលរដ្ឋទាំងអស់កុំមានការរើសអើងគ្នា និងកុំខ្លាចខ្មែរគ្នាឯង។
ឯ.ឧ ក៏បានអំពាវនាវឲ្យសាសនិកអ៊ីស្លាមទាំងអស់គោរពបូជា និង ថ្វាយបង្គំនៅតាមលំនៅឋានរៀងៗខ្លួន ចៀសវាងការជួបជុំថ្វាយបង្គំនៅវិហារម៉ាស្ជឹតនានា នៅកម្ពុជា។គិតត្រឹមល្ងាចថ្ងៃទី២១ ខែមីនា នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាមាន ចំនួន ៥១នាក់ ក្នុងនោះ បុរសចំនួន ៤៧នាក់ ស្ត្រី ៤នាក់។ ក្នុងចំណោម ៥១នាក់នោះមាន ជនជាតិខ្មែរ ៣១នាក់ ម៉ាឡេស៊ី ចំនួន ១២នាក់ ប៊ែលហ្ស៊ីកម្នាក់ បារាំង ២នាក់ កាណាដា ម្នាក់ អង់គ្លេស ៣នាក់ និងជនជាតិចិនម្នាក់ ដែលបានជាសះស្បើយ ៕