ភ្នំពេញ ÷ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលច្បាប់ចរាចរណ៍ផ្លូវគោកពីមាត្រា ៦ ដល់មាត្រា ១៥ នៃជំពូកទី ៣ នៃអំពើល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យអន្តរការណ៍តាមអនុក្រឹត្យលេខ ៤៤ ចុះថ្ងៃទី ២១ មីនា ឆ្នាំ២០១៧ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវ គោក ដែលការកែនេះ បានបង្កើនការការផាក ពិន័យច្រើនជាងមុនប្រហែល ២ ឬ ៣ដង។
អនុក្រឹត្យដែលចេញថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមាត្រា ៦ ថ្មីនៃអនុក្រឹត្យនេះ ការពិន័យលើបទល្មើសចរាចរណ៍ត្រូវពិន័យអន្តរការ ណ៍ ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រ យានយន្ត ឬម៉ូតូកង់ ៤ ត្រូវពិន័យទឹកប្រាក់ចំនួន ៦០ ០០០ រៀល ចំពោះអ្នកបើកបរដែលបានប្រព្រឹត្តអំពើល្មើសដូចជាអ្នកបើកបរ និងអ្នករួមដំណើរព្រមទាំងកុមារដែលមានអាយុ ៣ឆ្នាំឡើងទៅមិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តង់ដាជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។ ការពិន័យអន្តរការណ៍ករណីល្មើសត្រូវគិតតាមចំនួនជនប្រព្រឹត្តល្មើសលើកលែងតែត្រីចក្រយានយន្ត ដែលមានដំបូលរឹងមាំបិទជិត។
ក្នុងចំណោមមាត្រាទាំងអស់ដែលត្រូវបានកែប្រែ ត្រូវបានសាធារណជនចាប់អារម្មណ៍ នៅ ត្រង់ការផាកពិន័យលើអ្នកបើកបរយានយន្តធុនស្រាល និងធុនធ្ងន់នូវទឹកប្រាក់ ៣០០ ០០០រៀល(៣០ម៉ឺនរៀល) និងទឹកប្រាក់ ៦២៥ ០០០រៀល(៦២ម៉ឺន៥ពាន់រៀល) ចំពោះអំពើល្មើសបើកបរយានយន្តដែលកែច្នៃដំឡើងខុសបទដ្ឋានបច្ចេកទេស។ បើកបរប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។ បើកបរលើសល្បឿនកំណត់ចាប់ពី ៤០ គីឡូម៉ែត្រក្នុង ១ ម៉ោងឡើងទៅ។
ចំពោះការបើកបរក្នុងស្ថានភាពស្រវឹងដែលមានអត្រាជាតិអាល់កុលចាប់ពី ០,២៥ ទៅ ០,៣៩ មីលីក្រាមក្នុង ១ លីត្រខ្យល់ ឬចាប់ពី ០,៥ ទៅ ០,៧៩ ក្រាមក្នុង ១ លីត្រឈាមត្រូវពិន័យអន្តរការណ៍ទឹកប្រាក់ ៤០០ ០០០រៀល (៤០ម៉ឺនរៀល) សម្រាប់យានយន្តធុនស្រាល និងទឹកប្រាក់ ៨០០ ០០០រៀល(៨០ម៉ឺនរៀល) សម្រាប់យានយន្តធុនធ្ងន់។ ករណីនេះត្រូវបញ្ឈប់មិនឲ្យបន្តដំណើរទៅមុខទៀត៕