ពលរដ្ឋត្រៀមប្តឹង ទីតាំងកែច្នៃយានយន្តធុនធំមួយកន្លែងកណ្តាលក្រុងសិរីសោភ័ណ ទៅACU

បន្ទាយមានជ័យ ៖ ទីតាំងកែច្នៃយានយន្តធុនធំ មួយកន្លែង ដែលស្ថិតនៅចម្ងាយប្រមាណជា៥០០ម៉ែត្រ ពីសាលាខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឋត្រៀមប្តឹងទៅ ACU បន្ទាប់ពីយានដ្ឋាននេះ បង្កការភិតភ័យ និងគ្រោះថ្នាក់ជាច្រើនលើក ដែលអាជ្ញាធរ និងមន្ទីរជំនាញបានត្រឹមតែចុះធ្វើកិច្ចសន្យា តែមិនមានចំណាត់ការបញ្ឈប់ ឬផ្លាស់ប្តូរទីតាំងនោះឡើយ។

យានដ្ឋានខាងលើនេះ មានទីតាំងស្ថិតនៅខាងត្បូងផ្លូវជាតិ៥ ប្រមាណជា ៥០ម៉ែត្រ តាមបណ្តោយចុះផ្លូវក្រុមហ៊ុនទឹកស្អាត ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពោពេញទៅលំនៅដ្ឋានជុំជិត ដែលមានម្ចាស់យានដ្ឋានឈ្មោះ ឆាយ ឈាន ។

ការត្រៀមប្តឹងេពីសំណាក់ប្រជាពលរដ្ឋដែលនៅជុំវិញ យានដ្ឋានកែច្នៃខាងលើ ធ្វើឡើងស្របពេលដែលមន្ត្រីជំនាញរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប៉ាល់ សុមេដា ប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោក ចុះធ្វើការត្រួតពិនិត្យជាក់ស្តែងទីតាំងយានដ្ឋាន បន្ទាប់ពីយានដ្ឋាននេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដែលកែច្នៃសង្ស័យខុសលក្ខណៈបច្ចេកទេស ចេញពីទីតាំងរបស់ខ្លួនទៅបុកបណ្ណាគារបន្ទាយស្រី ដែលនៅទល់មុខគ្នា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ។

យោងតាមការចុះពិនិត្យ របស់គណៈកម្មការខាងលើ យានដ្ឋានខាងលើមានច្បាប់ត្រឹមតែជួសជុលរថយន្តតែប៉ុណ្ណោះ តែសកម្មភាពពិត យានដ្ឋាននេះ បានកែច្នៃ និងតំឡើងរថយន្តធុនធំដឹកទំនិញ និងរថយន្តបែន ដូនចជា ៖ ដំឡើងរថយន្តដឹកទំនិញធុនធំ រថយន្តបែនកង់១០ កង់១២ ដោយកាត់តកែច្នៃសាក់ស៊ី កែប៉ុង តទ្រង់ និងកាត់ទ្រង់ ជាដើម ។ ដែលរូបភាពទាំងនេះ មើលមិនឃើញថា យានដ្ឋានខាងលើ ជាយានដ្ឋានគ្រាន់តែជួសជុលស្របទៅតាមលិខិតអនុញ្ញាតរបស់មន្ទីរសាធារណៈការឡើយ ។

ប្រជាពលរដ្ឋលើកឡើងថា ជារៀងរាល់ថ្ងៃពួកគាត់តែងមានការភ័យខ្លាច និងប្រុងប្រយ័ត្នជានិច្ច គ្រប់ពេលលឺសូរសម្លេងរថយន្តធំៗ ម្តងៗ ពួកគាត់តែងចេញពីផ្ទះមកចាំមើល សកម្មភាពរថយន្តទាំងនោះ ថាអាចបង្កគ្រោះថ្នាក់ដល់ពួកគាត់ ឬអត់ ។ មូលហេតុដែលពួកគាត់តែងប្រុងប្រយ័ត្ននេះ គឺ ជាញឹកញាប់រថយន្តដែលចូលកែច្នៃ ឬដំឡើងថ្មីនៅក្នុងយានដ្ឋានខាងលើ តែងបង្កការភ័យខ្លាចដូចជា ៖ សុខៗ រថយន្តថយចេញពីយានដ្ឋាន ដោយគ្មានកែកុងបញ្ជា ធ្វើឲ្យក្រុមជារត់យកកំណល់កល់កង់ព្រោងព្រាត, រថយន្តខ្លះទៀតចតនៅខាងមុខយានដ្ឋានសុខ ក៏រអិលចុះចំណតទៅបុកបង្គោលភ្លើងបណ្តាលឲ្យបាក់, រថយន្តធំឈប់ចតតម្រួតគ្នាមុខយានដ្ឋានបង្កការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ដល់រថយន្តដទៃ, តែងបង្កសម្លេងរំខាន និងក្លិនឈ្ងៀម តាមរយៈ ការផ្សារ តោន ឆាបដែក, និងការបង្ហូប្រេងម៉ាស៊ីនពេញចញ្ចើមផ្លូវជាដើម ។ កត្តាទាំងអស់ខាងលើនេះ ធ្វើឲ្យមន្ទីរជំនាញ និងអាជ្ញាធរ បានចុះអប់រំធ្វើកិច្ចសន្យា ជាញឹកញាប់ដល់ម្ចាស់យានដ្ឋាន ដូចជា ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងកិច្ចសន្យាស្នើសុំលិខិតអនុញ្ញាតពីមន្ទីរសាធារណៈការ ម្ចាស់យានដ្ឋានសន្យាបំពេញ កិច្ចសន្យាចំនួន០៦ ចំណុចរួមមាន ៖ មិនរំលោភ និងប្រើប្រាស់ចំណីផ្លូវសម្រាប់ថ្មើជើង , គោរពតាមច្បាប់រដ្ឋកំណត់មិនតំឡើង តទ្រុង ថែមផ្លូវទំហំខុសបទដ្ឋានបច្ចេកទេស , ត្រូវការពារបរិស្ថាន ពិសេសការបង្ហូប្រេងរំអិលចេញក្រៅ , មិនរំខានដល់ការរស់នៅអ្នកជិតខាង , ត្រូវបំរុងទុកនូវឧបករណ៍សុវត្ថិភាព(បំពង់សម្រាប់ពន្លត់អគ្គីភ័យ) បន្ទាប់ពីធ្វើកិច្ចសន្យានេះបាន១ឆ្នាំ អាជ្ញាធរក្រុងសិរីសោភ័ណ និងមន្ទីរសាធារណៈ បានកោះហៅ និងធ្វើកិច្ចសន្យាទៅលើបញ្ហាខាងលើដដែល ។ លុះឆ្នាំ២០១៧ មានកិច្ចសន្យាមួយទៀត ជាមួយសមត្ថកិច្ចប៉ូលីសសណ្តាប់ធ្នាប់ លើបញ្ហាខាងលើដូចគ្នា ។

ដោយសារតែ មិនមានចំណាត់ការទៅតាមកិច្ចសន្យាខាងលើ ទើបលើកនេះ ប្រជាពលរដ្ឋត្រៀមប្តឹងទៅ អង្គភាប្រឆាំងអំពើពុករលួយ ACU ឲ្យជួយស្រាវជ្រាវលើករណីនេះ ។
ជុំវិញការចុះត្រូតពិនិត្យយានដ្ឋានខាលើ ពីសំណាក់គណៈកម្មការ ដឹកនាំដោយមន្ទីរសាធារណការ លោក ប៉ាល់ សុមេដា ប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងថា តាមការណែនាំរបស់លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លោកបានចុះត្រួតពិនិត្យជាក់ស្តែងយានដ្ឋានខាងលើ ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ និងនគរបាលសណ្តាប់ធ្លាប់ ចំពោះការចុះត្រួតពិនិត្យនេះ លោកមិនបានបកស្រាយថា យានដ្ឋាននេះយ៉ាងណានោះទេ តែលោកនឹងធ្វើរបាយការជូនប្រធានមន្ទីរដើម្បីសម្រេច ។

លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យអ្នកសារព័ត៌មានដឹងថា លោកនឹងធ្វើរបាយការណ៍ស្នើសុំបិទយានដ្ឋានខាងលើ ទៅលោកអភិបាលខេត្តសម្រេច ព្រោះ មន្ទីរជំនាញបានណែនាំម្ចាស់យានដ្ឋានខាងលើ ជាច្រើនដងមកហើយ ៕