រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុងគម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម

ភ្នំពេញ ៖ សម័យប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៦ មីនានេះ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុង គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម។ សេចក្តីព្រាងច្បាប់ទាំង៣នេះរួមមាន៖ ១-សេច ក្តីព្រាងច្បាប់ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង។ ២-សេចក្តីព្រាងច្បាប់ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ នៅខេត្តឧត្តរមានជ័យ និង៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។

ក្នុងសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលទាក់ទងទៅនឹងវិស័យថាមពលអគ្គិសនីនេះ បានលើក
ឡើងថា វិស័យថាមពល ត្រូវបានអភិវឌ្ឍក្នុងសន្ទុះយ៉ាងលឿន និងបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការ ទ្រទ្រង់ការអភិវឌ្ឍ ហើយថា តម្រូវការប្រើប្រាស់អគ្គិសនីបន្តស្ថិតក្នុងអត្រាកំណើនខ្ពស់ដើរស្របនឹងចក្ខុ វិស័យដ៏មហិច្ឆិតារបស់រាជរដ្ឋាភិបាលក្នុងការជម្រុញការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្របដណ្តប់គ្រប់ភូមិ ក្នុងឆ្នាំ ២០២០ ដោយតម្លៃសមរម្យ និងតម្លៃឯកភាពទូទាំងប្រទេស៕