ភ្នំពេញ ៖ ភ្ញៀវបរទេសជាច្រើននាក់ កំពុងស្វះស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ដើម្បីបានចាកចេញពីកម្ពុជា តាមជើងហោះហើរឆ្ពោះទៅប្រទេសកំណើតរបស់ខ្លួនវិញ។ ការស្វែងរកអន្តរាគមន៍នេះ នៅបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ តម្រូវឲ្យពួកគេមានលិខិតបញ្ជាក់ពីសុខភាព។
ភ្ញៀវបរទេសជាច្រើននាក់មិនអាចចាកចេញពីកម្ពុជាបានទេ ដោយសារក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅកម្ពុជាបានទាមទារឱ្យភ្ញៀវទេសចរដែលចង់ជិះយន្តហោះត្រឡប់ទៅប្រទេសខ្លួនវិញ ត្រូវតែធ្វើតេស្តសុខភាពនៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ជាមុនសិន ដើម្បីបញ្ជាក់ថា ពួកគេមិនមានផ្ទុកកូវីដ-១៩។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ថ្មីៗនេះ មានភ្ញៀវទេសចរបរទេសជាង ១០០នាក់ ដែលបាននាំគ្នាទៅស្វែងរកការធ្វើតេស្តសុខភាពនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ បានប្រាប់គាត់ថា វិទ្យាស្ថានប៉ាស្ទ័រ មិនព្រមធ្វើតេស្តសុខភាពឱ្យឡើយ ដោយលើកហេតុផលថា ពួកគេមិនបានឈឺ។ លោកស្រីបន្តថា «ខាងអាកាសចរណ៍ គេថា មិនយកទេលិខិតពីមន្ទីរពេទ្យរុស្ស៊ី ទាល់តែចេញពី ប៉ាស្ទ័រ។
លោកស្រីបន្តថា ករណីភ្ញៀវទេសចរដែលមិនបានត្រឡប់វិញនេះ នឹងធ្វើឱ្យពួកគេខាតប្រាក់ដោះដូរសំបុត្រយន្តហោះម្តងហើយម្តងទៀត និងបញ្ហាផ្សេងៗទៀត។
បើតាមអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន អះអាងថា ភ្ញៀវទេសចរដែលកំពុងស្នាក់នៅកម្ពុជាបច្ចុប្បន្នជាង ៥០០០នាក់ មកពី ៥៣សញ្ជាតិ។ ក្នុងចំណោមជនបរទេសជាង ៥០០០នាក់នេះ គឺមានជនជាតិចិនច្រើនជាងគេ។
គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ ទាំងជនជាតិខ្មែរ និងជនជាតិបរទេសមានចំនួន ៩៨នាក់។ ក្នុងចំណោមមនុស្សទាំង ៩៨នាក់នោះ គឺមានមនុស្ស ១១នាក់ ដែលក្រសួងបញ្ជាក់ថា ត្រូវបានគ្រូពេទ្យព្យាបាលឱ្យ ជាសះស្បើយ
៕