តុលាការពន្យារពេលសវនាការសំណុំរឿងលោក កឹម សុខា ដោយសារបញ្ហា កូវីដ១៩

ភ្នំពេញ ៖ សំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្អាកសវនាការទៅតាមការស្នើសុំរបស់ភាគីសហមេធាវីតំណាងរដ្ឋាភិបាល និងសហមេធាវីការពារក្ដីឲ្យជនត្រូវចោទ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសរសេរនៅលើពាក្យស្នើសុំពន្យារពេលនោះ ថា ៖ «ឯកភាពតាមពាក្យសុំដោយឲ្យពន្យារពេលរហូតដល់មានការជូនដំណឹងអំពីកាលបរិច្ឆេទថ្ងៃសវនាការជាថ្មី»។

សូមជម្រាបថា សំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» ដែលចោទលើលោក កឹម សុខា បានដំណើរការជំនុំជម្រះអស់ជាច្រើនសប្ដាហ៍មកហើយ គិតចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០ មក ហើយនៅថ្ងៃសវនាការចុងក្រោយកាលពីថ្ងៃទី ១២ ខែមីនា សវនាការបានផ្អាកនៅពេលសួរដេញដោលបានឈានដល់ការបង្កើតគណបក្សសង្គ្រោះជាតិ ដោយតុលាការគ្រោងនឹងបន្តនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នេះ ប៉ុន្តែត្រូវបានសហមរធាវីទាំងសងខាង ស្នើសុំពន្យារពេលសវនាការដោយសារបារម្ភពីបញ្ហារាលដាលនៃជំងឺ កូវីដ ១៩៕