ស្ទឹងត្រែង ៖ ជនជាតិដើមភាគតិច ភ្នង នៅឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង បានធ្វើពិធីបុណ្យបិទភូមិទៅតាមេជំនឿរបស់ខ្លួន ដោយហាមមិនឱ្យមនុស្សពីខាងក្រៅចេញចូលឡើយ។ បើអ្នកចេញចូលល្មើសនឹងបម្រាមនេះ ពួកគេនឹងចាប់ផាកពិន័យទៅតាមប្រពៃណីទំនៀមទម្លាប់ជនជាតិដើមពុំខាន។ពិធីបិទភូមិរបស់បងប្អូនជនជាតិដើមខាងលើធ្វើឡើងតាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដើម្បីការពារកូវីដ១៩និងជាប្រពៃណីជនជាតិដើមភាគតិចផង។
ការរៀបចំពិធីតាមជំនឿពីដូនតារបស់ជនជាតិដើមភាគតិចនៅតំបន់នេះ គេតែងឃើញជាញឹកញយ បើសិនជាមានគ្រោះអ្វីកើតឡើងលើអ្នកភូមិ។ ក្នុងអំឡុងពេលបិទភូមិម្តងៗបើ សិនជាមានអ្នកណាចេញចូលល្មើសទៅនឹងបម្រាមនេះ នឹងត្រូវផាកពិន័យដែលពី បូរុម បូរាណ មក ការពិន័យដោយបង្គាប់យកជាវត្ថុដូចជា គោ ក្របី និងស្រាពាង ដើម្បីយកមក ដាក់ជាដង្វាយក្នុងពីធីប៉ុណ្ណោះ។ អ្នកភូមិ ជនជាតិភាគតិច ភ្នង នៅឃុំក្បាលរមាស បានឱ្យ ដឹងថា បច្ចុប្បន្ន មិនដូចពីដើមទៀតទេ គឺអ្នកណាចូលភូមិរបស់គាត់ដែលកំពុងបិទ រយៈ ពេល ៧ថ្ងៃនេះ គឺមានការផាកពិន័យជាលុយចំនួន ៧០ម៉ឺន រៀល។
បើមានអ្នកឈឺធ្ងន់ អាចចេញពីភូមិទៅព្យាបាលបាន តែមិនឱ្យចូលភូមិបានទេ ក្នុងរយៈពេល ៧ថ្ងៃនេះ ។នេះជាវិធានការរបស់ មេកន្ទ្រាញ ភូមិ ដែលរៀបចំជាប្រពៃណីទំនៀមទម្លាប់ តាំងពីយូរលង់ណាស់មកហើយ។ បើសិនជាមានជំងឺឈឺថ្កាត់ ចម្លែក ភូមិរបស់គាត់ ត្រូវតែមានពិធី បិទភូមិ មិនឱ្យមានការចេញចូលទេ ដោយមានការសែនព្រេន និងដាក់រូបទីងមោងដើម្បីសម្គាល់ថា ភូមិរបស់គាត់ត្រូវហាមឃាត់ បិទមិនឲ្យអ្នកចេញចូលឡើយ។
សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង ពុំមានករណីឆ្លងជំងឺ covid-19 ទេ៕