មន្ត្រីជំនាញចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាផ្សារធំៗ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ រយៈពេល៣ថ្ងៃជាប់គ្នាមកនេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំ សម្លាប់មេរោគ នៅតាមបណ្តារផ្សារធំៗនៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈដែលជម្ងឺវីរុសកូវីដ-១៩ បាននឹងកំពុងវាយលុក មិនថានៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជានោះទេ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់អោយដឹង នាព្រឹកថ្ងៃទី២១ ខែមេសានេះថា ក្នុងន័យគិតគូរពីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ ក្នុងផ្សារ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំអោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគ។ ជាក់ស្តែងចាប់ពីល្ងាចថ្ងៃទី ១៨ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមការងារមន្ទីរសុខាភិបាល បានចុះបាញ់ថ្នាំសម្លាប់មេរោគ តាមផ្សារធំថ្មី ទួលទំពូង និងផ្សារកណ្តាល បើទោះបី រាល់ថ្ងៃនេះ គណៈកម្មការផ្សារ និមួយៗបាននឹងកំពុងអនុវត្តការងារទៅតាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ជម្ងឺវីរុសកូវីដ-១៩ ដោយនៅតាមបណ្តាលផ្សារទាំងនោះ ក្រៅពីការបាញ់លាងសំអាតហើយនោះ នៅតាមបណ្តាលច្រកចេញ ចូល ផ្សារក៏មានកម្លាំងសន្តិសុខផ្សាររងចាំបាញ់កំដៅនិងបាញ់អាកុលលាងដៃ ជូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។

អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី លោកស្រី ប៉ុន ដានី បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី២១ ខែមេសានេះថា នៅក្នុងខែមេសានេះ មានភ្ញៀវទេសចរចូលមកទស្សនានៅក្នុងផ្សារធំថ្មី ចំនួន ៥៨០៦នាក់ ក្នុងងនោះភ្ញៀវដែលបានចូលទស្សនាច្រើនជាងគេ មានភ្ញៀវជនជាតិ វៀតណាម ចិន អឺរ៉ុប ម៉ាឡេស៊ី ជប៉ុន ឥណ្ឌា ថៃ និងអាហ្វ្រិក។ នៅក្នុងខែមេសាឆ្នាំ២០២០ នេះ គណៈកម្មការផ្សារបានចុះផ្សព្វផ្សាយ ស្ដីពី ការបង្ការនិងទប់ស្កាត់មេរោគកូវីដ-១៩ និងបានណែនាំ ប្រជាពលរដ្ឋ អាជីវករ កុំឲ្យដំឡើងថ្លៃ ម៉ាស អាកុល នឹងជេល និងបានប្រើប្រាស់អាកុលអស់ចំនួន ៣៦០លីត្រ ម៉ាស់ចំនួន១៩៦០ម៉ាស់ និងបានបាញ់ថ្នាំសម្លាប់មេរោគ តាមបន្ទប់ជុំវិញផ្សារជាប់ជាប្រចាំផងដែរ៕