ក្រុមជំនាញសុខភាពសត្វអន្តរជាតិ ព្រមានពីផលប៉ះពាល់ខ្លាំងដោយការបរិភោគសាច់ឆ្កែ និងឆ្មា

ភ្នំពេញ ៖ នៅកម្ពុជាក្នុងមួយឆ្នាំៗ មានសត្វឆ្កែរហូតដល់ទៅ ៣លានក្បាល ត្រូវបានប៉ាន់ស្មានថា ត្រូវបានសម្លាប់ ហើយការជួញដូរសាច់ឆ្កែ និងឆ្មានេះ គឺជាកត្តាចម្បងមួយបណ្តាលឱ្យមានហានិភ័យខ្ពស់ នៃជំងឺជាច្រើននៅកម្ពុជា រួមទាំងជំងឺឆ្កែឆ្កួតផងដែរ។

វេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជា ពេទ្យសត្វ និងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថាប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ FOUR PAWS បានលើកឡើងក្នុងសេចក្តីប្រកាសព័តមាន នៅរសៀលថ្ងៃទី ២១ មេសា ឆ្នាំ២០២០នេះថា ខណៈដែលការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលអាចកើតចេញពីទីផ្សារលក់សត្វរស់ វាសំខាន់ណាស់ និងត្រូវចងចាំថា ទីផ្សារលក់សត្វរស់ ដែលលក់សត្វឆ្កែ នៅតែបើកដំណើរការយ៉ាងសកម្មនៅកម្ពុជានៅឡើយ ហើយនេះជារឿងមួយយ៉ាងសំខាន់ ដែលយើងត្រូវចូលរួមដោះស្រាយដើម្បីទប់ស្កាត់ឱកាសនៃការផ្ទុះឡើងនូវជំងឺកាចសាហាវណាមួយផ្សេងទៀត។ លោកស្រីបន្តទៀតថា ចំពោះអ្នកបរិភោគសាច់ឆ្កែនិងឆ្មា អាចទទួលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺអាសន្នរោគ ដែលបណ្ដាលមកពី ពពួកបាក់តេរី វីប៊្រីយ៉ូ កូឡេរ៉ា និង ជំងឺទ្រីឈីនែឡាដែលជាជំងឺប៉ារ៉ាស៊ីតក្នុងចំណីអាហារដែលចម្អិនមិនបានល្អ។

លោកស្រីវេជ្ជបណ្ឌិតបន្តថា តាមការស្រាវជ្រាវបានបង្ហាញថា សត្វឆ្កែរាប់សែនក្បាលត្រូវបានដឹកជញ្ជូនពីទីក្រុង បណ្ដាខេត្តនានា និងតំបន់ព្រំដែនទូទាំងកម្ពុជារៀងរាល់ខែ ដើម្បីបំពេញតម្រូវការអ្នកបរិភោគ។ ក្នុងនោះ ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ គឺជាកន្លែងពេញនិយមបំផុតសម្រាប់ផ្គត់ផ្គង់សាច់ឆ្កែ។ ហើយស្រុកប៉ោយប៉ែតត្រូវបានគេចាត់ទុកថាជាប្រភពផ្គត់ផ្គង់សាច់ឆ្កែធំជាងគេសម្រាប់ហាងនានាក្នុងខេត្តសៀមរាបផងដែរ។

ទាក់ទិននិងអាជីវកម្មរីកដុះដាល ទោះបីក្នុងកំឡុងពេលមានជំងឺរាតត្បាត អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ៧០% នៃភ្នាក់ងារបង្កជំងឺដែលបង្កឱ្យមានជំងឺទូទាំងពិភពលោក ត្រូវបានរកឃើញក្នុងរយៈពេល៥០ឆ្នាំកន្លងមក គឺកើតចេញពីសត្វ ហើយកូវីដ១៩ ក៏មិនខុសគ្នាដែរ។ ទោះបីជាមានហានិភ័យសុខភាពសាធារណៈក៏ដោយ ការជួញដូរសត្វ ហើយនិងម្ចាស់ភោជនីយដ្ឋានសាច់ឆ្កែនិងឆ្មាជាច្រើន បានរាយការណ៍ថា អាជីវកម្មនេះពិតជាមានការកើនឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាត។

អ្នកជំនាញខាងលើបញ្ជាក់ថា អ្នកដែលហូបសាច់ឆ្កែ និងអ្នកពាក់ព័ន្ធ នឹងការជួញដូរនេះ ក៏អាចប្រឈមនឹងជំងឺ អានត្រាក់ ជំងឺ ប៊្រុយសែសឡូស៊ីស ជំងឺរលាកថ្លើម និងជំងឺ ឡិបតូស្ដីរ៉ូស៊ីស ដែលជំងឺទាំងនេះ បង្កដោយមេរោគសាហាវ រួមមាន អ៊ីកូលី ១០៧ និង សាលម៉ូណេឡា ដែលភាគច្រើនត្រូវបានគេរកឃើញនៅក្នុងសាច់កខ្វក់។ មួយវិញទៀត អ្នកដែលទទួលទានសាច់ឆ្កែ ក៏អាចទទួលរងនូវផលប៉ះពាល់ ដោយសារធាតុពុលដូចជាសារធាតុ ប៉ូតាស្យូមស៊ីយានីត ស្ទ្រិចនីន និង ថ្នាំបន្ទន់សាច់ដុំ ស៊ូហ្សេមេថូនៀម ដែលត្រូវបានគេប្រើ ដើម្បីបំពុល និងចាប់សត្វឆ្កែ៕