កម្ពុជា​ត្រៀម​មន្ដ្រី​ឆ្លើយតប​រហ័ស​ប្រមាណ​ជិត​៥​ម៉ឺន​នាក់​ក្នុងការប្រយុទ្ធ​នឹង​ជំងឺ COVID-19

​ភ្នំពេញ ៖ កម្ពុជា​ត្រូវបាន​គេ​ដឹងថា បាន​ត្រៀម​រួចជាស្រេច​ហើយ​នូវ​ក្រុមមន្ត្រី​ឆ្លើយតប​រហ័ស​ជិត​៥​ម៉ឺន​នាក់ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 បើទោះបីជា​បច្ចុប្បន្ននេះ​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​មួយ​នេះ​នៅ​ស្រួចស្រាល​នៅឡើយ​ក៏ដោយចុះ។

​នេះ​បើ​យោងតាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដែល​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​លើក​ទី​៣​លើ​ការងារ​ឆ្លើយតប​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 កាលពី​ម្សិលមិញ​នៅ​ទីស្តីការក្រសួង។​

​លោកស្រី​បញ្ជាក់ថា ក្រសួងសុខាភិបាល នៅតែ​បន្ដ​បណ្ដុះបណ្ដាល និង​ពង្រឹង​ក្រុមមន្ដ្រី​ឆ្លើយតប​រហ័ស​ប្រមាណ​៤-៥​ម៉ឺន​នាក់ សម្រាប់​ត្រៀម​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​១៩ (COVID-19) ទោះ​បច្ចុប្បន្ន ស្ថានភាព​ជំងឺ​នេះ​នៅ​ស្រួចស្រាល​នៅឡើយ។​

​លោកស្រី​រដ្ឋលេខាធិការ បានបញ្ជាក់​បន្ថែមថា ខណ​នេះ​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ (COVID-19) បាន​លើកយក​នូវ​ផែនការ​យុទ្ធសាស្ដ្រ​ជា​បន្ដបន្ទាប់ និង​ត្រៀម​នូវ​សម្ភារ​បរិក្ខារ​ពេទ្យ​ឱ្យ​គ្រប់គ្រាន់​ជានិច្ច ដោយ​បច្ចុប្បន្ន មាន​ម៉ាស​ចំនួន​១១​លាន​ម៉ាស​, ម៉ាស​N95 ចំនួន​៥០​ម៉ឺន (​បច្ចុប្បន្ន​មាន​ជាង​៣០​ម៉ឺន​ម៉ាស​ហើយ​), សម្លៀកបំពាក់​សុវត្ថិភាពរ​របស់​មន្ដ្រី​សុខាភិបាល​៥​ពាន់​សម្រាប់ និង​មុង​ភួយ​កន្ទេល​ខ្នើយ សម្រាប់ អ្នកជំងឺ​មក​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​។​

​ប៉ុន្តែ​បើសិនជា​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ទ្រង់ទ្រាយ​ធំ​ដ៏​ធ្ងន់ធ្ងរ​បំផុត រហូតដល់​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នោះ កម្លាំង​ពេទ្យ​របស់​បច្ចុប្បន្ន​ចំនួន​៦​ពាន់​នាក់ គឺ​មិន​គ្រប់គ្រាន់​នោះឡើយ យើង​នឹង​អាច​បញ្ចេញ​កម្លាំង​យ៉ាងហោច​ក៏​ជាង​១​ម៉ឺន​នាក់ សម្រាប់​កម្លាំង​ពេទ្យ​នៅក្នុង​ក្រសួងសុខាភិបាល កម្លាំងយោធា​៥​ពាន់ នាក់ និង​ប៉ូលីស​រាប់ពាន់នាក់​ទៀត ដែល​សរុប​ទូទាំងប្រទេស​ប្រមាណ ៤-៥​ម៉ឺន​នាក់ ដែល​បាន​បណ្ដុះបណ្ដាល នឹង​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​មួយ​នេះ៕