ខេត្តបាត់ដំបង ៖ ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី ដែលមានទីតាំងស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី បានខេត្តបាត់ដំបង គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ ខាងមុខនេះ។ ទំនប់នេះ អាចផ្គត់ផ្គង់ទឹកទៅដល់ដីកសិកម្មប្រមាណជា៤ម៉ឺនហិកតា ហើយជួយកាត់បន្ថយការជន់លិចក្នុងតំបន់បានប្រមាណ ៣០ភាគរយទៀតផង។
លោក ជុង តំណាងក្រុមហ៊ុនកូរ៉េ ដែលកំពុងសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ទំនប់ស្ទឹងដូនទ្រី សម្រេចការសាងសង់បានប្រមាណ ២០ភាគរយ ទំនប់ស្ទាក់ទឹកនេះ អាចផ្ទុកទឹកបាន ១៧៧លានម៉ែត្រគីប។ពេលសាងសង់រួច រាល់នឹងអាចជួយកាត់បន្ថយការជន់លិចនៅក្នុងតំបន់នោះបានប្រមាណ៣០ភាគរយ ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ ប៉ុន្តែដោយមានការកែប្រែខ្លះ ទើបការសាងសង់អូសបន្លាយដល់ឆ្នាំ២០២៣។
លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃ ២៣ ខែមេសា នេះថា ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី មានសមត្ថភាពអាចជួយស្រោចស្រពលើផ្ទៃដីកសិកម្ម បានប្រមាណជាង ៤ម៉ឺនហិកតានៅក្នុងស្រុកចំនួន៣ មានស្រុករុក្ខៈគិរី ស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ។ទំនប់នេះសាងសង់ឡើង ក្នុងលក្ខណៈបច្ចេកវិទ្យាទំនើប ដោយមានការចោះភ្នំ ខណៈដែលប្រព័ន្ធធារាសាស្ត្រផ្សេងៗនៅក្នុងប្រទេសកម្ពុជាពុំទាន់មានធ្វើបែបនេះនៅឡើយ។ ទំនប់នេះនឹងបើកឲ្យទៅផ្គត់ផ្គងដល់ទំបន់បាសាក់ សម្រាប់ចែកចាយបន្ត។
គួរបញ្ជាក់ផងដែរថានៅក្នុងខេត្តបាត់ដំបង មានប្រព័ន្ធធារាសាស្ត្រ បានសាងសង់ចប់រួចរាល់និងបានជួយស្រោចស្រពដំណាំកសិកម្ម របស់ប្រជាពលរដ្ឋ មានដូចជា ទំនប់ពហុបំណងសេកសក់ ទំនប់កង្ហត់ ទំនប់បឹងកំពីងពួយ ទំនប់ស្ទឹងបវេល និងទំនប់បាសាក់ ។នៅមានប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀតដែលកំពុងធ្វើការសាងសង់ មានដូចជា ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី ទំនប់អាងត្រជាក់ចិត្ត ទំនប់អាងរាមគន់ ទំនប់អាងពោធិ៍ និងទំនប់សាលាតាអនជាដើម។ទំនប់ទាំងអស់នេះនឹងជួយបង្កើនការដាំដុះ ពិសេសដំណាំស្រូវរបស់កសិករ បានធ្វើច្រើនដងក្នុងមួយឆ្នាំៗ ។ ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី គឺជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំមួយបន្ថែមទៀត របស់រាជរដ្ឋាភិបាល ជាប្រយោជន៍សម្រាប់ស្រោចស្រពដំណាំកសិកម្មរបស់ពលរដ្ឋនៅស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង៕