ភ្នំពេញ ៖ បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកេង កាលពីថ្ងៃទី១០ ខែឧសភា និងត្រូវបានផ្សព្វផ្សាយនៅលើហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណៈ និងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃតទៅទៀត រួមទាំងបានប្រគល់កាំភ្លើងបាញ់សត្វនោះ ឲ្យទៅក្រសួងផងដែរ។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទទួលជួបផ្ទាល់បុរសឈ្មោះ គ្រុយ ចំរើន ដែលបានសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់សត្វកេងកងធំមួយក្បាល នោះអំឡុងពេលខ្លួនទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ៩ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត។ បុរសឈ្មោះ គ្រុយ ចំរើន បានសរសេរនៅក្នុងលិខិតសុំអភ័យទោសចំពោះសាធារណជន ទទួលស្គាល់ការពិត ដែលបាញ់សម្លាប់សត្វកេងកងចំនួនមួយក្បាល ស្ថិតនៅក្នុងរមណីយដ្ឋានទឹកធ្លាក់៩ ជាន់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ លោកសន្យាថា នឹងប្រគល់អាវុធដែលបានបាញ់សត្វកេងកងនោះ មកក្រសួងបរិស្ថាន»។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បុរសម្នាក់នេះបាន ទទួលស្គាល់កំហុសរបស់ខ្លួននិងស្នើសុំការសណ្តោសប្រណីពីសាធារណជនដែលខ្លួនបានជ្រុលជ្រួសប្រព្រឹត្តនូវកំហុសឆ្គងនេះ។
លោកបានថ្លែងថា តាមរយៈការទទួលទោសកំហុសនេះគឺក្រសួងបរិស្ថានទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេះជារៀងរហូត។លោកបានថ្លែងថា នេះគឺជាគំរូ អាក្រក់មួយដែលអ្នកផ្សេងទៀតត្រូវជៀសវាង។ រដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានធម្មជាតិនានាសូមកុំ ប្រព្រឹត្តបទល្មើសបរបាញសត្វ និងកុំបរិភោគសាច់សាច់ព្រៃ និងត្រូវចូលរួមការពារអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិនិងការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាសត្វកេងកេងគឺជា ប្រភេទសត្វកម្រជិតផុតពូជហើយបច្ចុប្បន្ននេះគេឃើញមានវត្តមាននៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំ ក្រវាញ តំបន់ភាគខាងកើតនៃប្រទេសកម្ពុជាជាដើម៕