ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រសូត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។ ព្រះអង្គជារាជបុត្រារបស់ព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គ ឡើងគ្រងរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។
ខាងក្រោមនេះ ជាព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាពរបស់ព្រះអង្គ៖
១៩៥៩-១៩៦២ -សិក្សានៅសាលាបឋមសិក្សានរោត្តម វិទ្យាល័យដេកាត ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
១៩៦២-១៩៦៧ -សិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យាល័យប្រាគ (ឆេកូស្លូវ៉ាគី)
១៩៦៧-១៩៧១ -សិក្សាផ្នែកសិល្បៈ របាំ-តូរ្យតន្រ្តី-ល្ខោន នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ
១៩៧០ -មធ្យមសិក្សាប័ត្រ នៅប្រាគ (និទ្ទេសល្អណាស់)
១៩៧១ -ជ័យលាភីលេខ១ ផ្នែករបាំបុរាណ នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ
១៩៧១-១៩៧៥ -សិក្សានៅសកលវិទ្យាល័យ បណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ
១៩៧៥ -បរិញ្ញាប័ត្រជាន់ខ្ពស់ នៃបណ្ឌិតសភាផ្នែកសិល្បៈតន្រ្តី ប្រាគ
១៩៧៥ -ព្រះរាជនិពន្ធនិក្ខេបបទស្តីពីទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា
១៩៧៥-១៩៧៦ -ឧត្តមសិក្សាខាងផ្នែកភាពយន្ត នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)
១៩៧៦-១៩៧៩ -ជាប់ក្រោមការឃុំឃាំង របស់ខ្មែរក្រហម ជាមួយព្រះវរាជបិតា និងព្រះវររាជមាតា និងព្រះអនុជ សម្តេច នរោត្តម នរិន្ទ្រៈពង្ស
១៩៧៩-១៩៨០ -ព្រះលេខាផ្ទាល់ ព្រះវររាជបិតា ក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន
១៩៨១-២០០០ -សាស្ត្រាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្យសិល្បៈ នៅវិទ្យាស្ថានអភិរក្ស MARIUS PETIPA, GABRIEL FAURE និង W.A.MOZART នៅក្រុងប៉ារីស
១៩៨៤-១៩៨៨ -ប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំង និងជាអគ្គនាយក និងជានាយកសិល្បៈនៃក្រុមរបាំបាលេ “DEVA” ។
១៩៨៨-១៩៩៣ -អគ្គនាយក និងជានាយកសិល្បៈ នៃសាជីវកម្មខេមរភូមិន្ទភាពយន្ត “ខេមរាភាពយន្ត” ។ ព្រះករុណា នរោត្តម សីហមុនី ទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាលេចំនួនពីរ រឿង១.”សុបិន្ត” ២. “ ធាតុទាំង៤”។
១៩៩២-១៩៩៣ -ជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្រ្តៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដោយក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់នៃកម្ពុជា
១៩៩៣-២០០៤ -ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ
២០០៤ -សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ -ព្រះមហាក្សត្រប្រោសប្រទានដំឡើងព្រះគោរម្យងារជា សម្តេចក្រុមឃុន
ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០០៣ -ព្រះមហាក្សត្រប្រោសប្រទានតែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០០៤ -ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជា សម្តេចព្រះបរមនាថ
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ -ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសជាឯកច្ឆន្ទ ជាព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី២៩ តុលា ២០០៤ – ឡើងគ្រងរាជសម្បត្តិ
ភាសា៖
ក្រៅពីភាសាជាតិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេះភាសាឆេក បារាំង និងអង់គ្លេស យ៉ាងស្ទាត់ ជំនាញ៕