ភ្នំពេញ ៖ នៅថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨ និង៣០នាទីព្រឹក គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នឹងពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម
៣- សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី។
៤.២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
៤.៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។
សូមបញ្ជាក់ថា ចាប់តាំងពីមានជំងឺកូវីដ១៩ បានកើតមាននៅប្រទេសកម្ពុជាមក រាជរដ្ឋាភិបាល បានប្រកាសផ្អាកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ហើយនៅថ្ងៃនេះ គឺជាកិច្ចប្រជុំដំបូង បន្ទាប់ពីជំងឺកូវីដ១៩កម្ពុជា បានធូរស្រាលស្ទើរតែទាំងស្រុង ព្រោះនៅសល់តែអ្នកជំងឺម្នាក់គត់កំពុងសម្រាកព្យាបាល៕