សណ្ឋាគារធំៗលំដាប់ផ្កាយ៥នៅភ្នំពេញចាប់ផ្ដើមព្យួរការងារបុគ្គលិកបណ្ដើរៗ

ភ្នំពេញ ៖ ផលប៉ះពាល់ទៅលើវិស័យទេសចរណ៍ នៅកម្ពុជា ពីជំងឺកូវីដ ១៩ កាន់តែខ្លាំងឡើង ជាពិសេសវិស័យសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនបានសម្រេចផ្អាកការងារ និងស្នើរសុំបិទអាជីវកម្មដោយសារតែមិនមានភ្ញៀវចូលមកសម្រាកនិងស្នាក់នៅ ក្នុងនោះដែរ សណ្ឋាគារធំៗនៅរាជធានីភ្នំពេញ ក៏បានចាប់ផ្ដើមព្យួរការងារបុគ្គលិកបណ្ដើរៗផងដែរ តែមិនទាំងអស់នោះទេ ។

បើតាមមន្ត្រីនៃក្រសួងការងារមួយរូប បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា សណ្ឋាគារធំៗដូចជាកាំបូឌីយ៉ាណា សាន់វេរ សណ្ឋាគារភ្នំពេញ ហ៊ីម៉ាវ៉ារីសុទ្ធសឹងតែជាសណ្ឋាគារធំៗ ត្រូវបានព្យួរការងារបុគ្គលិកបណ្ដើរៗហើយ តែមិនមែនព្យួរទាំងអស់ទេ គឺតែមួយចំំនួនប៉ុណ្ណោះ ដូចជាសណ្ឋាគារខ្លះ១០០នាក់ ខ្លះ៨០នាក់ ខ្លះជាង១០០នាក់ជាដើម ។

ការព្យួរការងាររបស់សណ្ឋាគារនេះ ត្រូវបានមើលឃើញថា ពុំមានភ្ញៀវមកសម្រាកនិងស្នាក់នៅច្រើនដូចមុន ដូច្នេះដើម្បីកាត់បន្ថយការចំណាយរបស់ខ្លួន ម្ចាស់សណ្ឋាគារ ដែលគេដឹងថាសុទ្ធសឹងតែកំពូលអ្នកមាននៅស្រុកខ្មែរ ក៏បានកាត់បន្ថយបុគ្គលិក ដោយព្យួរការងាររបស់បុគ្គលិកមួយរយៈសិន ។
បើតាមលោកតុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ក៏បានអោយដឹងផងដែរថា ផលប៉ះពាល់ទៅលើវិស័យទេសចរណ៍ ដូចជាផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្តជាដើមនោះ មានប្រមាណជាង៤ម៉ឺននាក់ហើយ គិតមកដល់ពេលនេះ ហើយបើនិយាយពីវិស័យសណ្ឋាគារវិញឃើញថា នៅខេត្តសៀមរាបមានផលប៉ះពាល់ធ្ងន់ជាងគេ ដែលមានទំហំរហូតដល់ជាង៦៤ភាគរយ គិតជាជាចំនួនសណ្ឋាគារមាន១៤៨សណ្ឋាគារ ។

លោកបន្តថា ក្រៅពីសៀមរាប ដែលមានផលប៉ះពាល់ជាង៦៤ភាគរយនោះ ខេត្តរាជធានីផ្សេងទៀតក៏រងផលប៉ះពាល់មួយចំនួនផងដែរ ក្នុងនោះ រាជធានីភ្នំពេញ មាន៧ភាគរយ ខេត្តព្រះសីហនុ មាន២៧,៨២ភាគរយ កំពត១៥ផាគរយ ។ ដោយឡែកខេត្តនៅភូមិភាគឦសាន មិនរងផលប៉ះពាល់ប៉ុន្មាននោះទេ ដោយសារតែតំបន់នោះជាតំបន់ធម្មជាតិ ដូចនេះទេសចរក្នុងស្រុក ក៏នៅតែធ្វើដំណើរទៅទស្សនានៅតំបន់រមណីយដ្ឋាននៃតំបន់ទាំងនោះ ដូច្នេះម្ចាស់សណ្ឋាគារនៅតែអាចទទួលបានចំណូលសម្រាប់ប្រើប្រាស់ក្នុងការចំណាយរបស់ខ្លួនដដែល ។

លោកបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍ បានប្រជុំរកដំណោះស្រាយនានា ក្នុងការផ្សព្វផ្សាយ និងត្រៀមខ្លួននៅពេលស្ថានភាពកូវីដ១៩បានធូរស្រាលឡើងវិញ ។ បច្ចុប្បន្ននេះ បើទោះបីជាស្ថានភាពកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាយើងមានភាពល្អប្រសើរក្ដី តែប្រទេសជិតខាងនិងប្រទេសអ្នកមានៗមួយចំនួន នៅតែមានអ្នកផ្ទុកច្រើននៅឡើយ ហើយការធ្វើដំណើរឆ្លងប្រទេសរបស់ប្រជាជនទាំងនោះ នៅតែរឹតត្បិត ព្រោះជំងឺនេះ នៅតែបង្កជាបញ្ហា ដូច្នេះទេសចរមកស្រុកយើងនៅតែមិនទាន់ទូលាយនៅឡើយ ។ លោកថា៖«ប្រសិនជាស្ថានភាពជំងឺនេះ នៅបណ្ដាប្រទេសផ្សេងទៀត មានភាពល្អប្រសើរឡើងវិញនោះសង្ឃឹមថាអាចចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ វិស័យទេសចរណ៍កម្ពុជានឹងអាចល្អប្រសើរឡើងវិញ » ។

គួរបញ្ជាក់ថា ក្នុងរយៈពេល១ត្រីមាស ដើមឆ្នាំ ២០២០នេះកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ១.១៥៥.២២៦នាក់ បើធៀបនឹងឆ្នាំ ២០១៩កន្លងទៅ មានការថយចុះប្រមាណ ៣៨,៥ភាគរយ ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ។ របាយការណ៍ ដដែលនេះបានអោយដឹងថា ក្នុងខែមករា ចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះ ១៥,៣ភាគរយ ខែកុម្ភៈថយចុះ ៣៥,៨ភាគរយ និងខែមីនា ថយចុះដល់ទៅ ៦៤,៧ភាគរយ ៕