ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន៧៦៥គ្រឿង ក្នុងនោះ មានម៉ូតូ៤៨២គ្រឿង និងរថយន្ត២៨៣ គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងមិនគោរពភ្លើងសញ្ញា។
បើសរុបយានយន្តល្មើសទាំងរយៈពេល១៤ថ្ងៃ (ថ្ងៃទី០១-១៤ ខែឧសភា) មានចំនួន២២,៨០៧រឿង ក្នុងនោះម៉ូតូចំនួន១៦,៦១៦គ្រឿង និងរថយន្ត៦,១៩១គ្រឿង។
សូមជម្រាបថា ដើម្បីផ្តល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានចម្ងល់អំពីច្បាប់ចរាចរណ៍ ពិសេសការអនុវត្តន៍ការផាកពិន័យ ចំពោះការល្មើសច្បាប់ចរាចរណ៍ តាមអនុក្រឹត្យថ្មីនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ឲ្យដំណើរការជាផ្លូវការ លេខទូស័ព្ទទាន់ហេតុការណ៍ ១១៧ ដែលមានមន្ត្រីប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ការទូរស័ព្ទសាកសួរអំពីចម្ងល់នានា ពាក់ព័ន្ធច្បាប់ចរាចរណ៍ទៅលេខ១១៧ គឺមិនមានការគិតប្រាក់ទេ សម្រាប់គ្រប់ប្រព័ន្ធទាំងអស់៕