ឥណ្ឌាប្រកាសអូសបន្លាយពេលបិទប្រទេសដើម្បីទប់ស្កាត់ COVID-19

ញូដេលី ៖ រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តអូសបន្លាយពេលបិទប្រទេស ២សប្ដាហ៍បន្ថែមទៀតគ្របដណ្ដប់លើប្រជាជនជាង ១.៣ពាន់លាននាក់ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាតត្បាត COVID-19 នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។

គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ឥណ្ឌាមានអ្នកស្លាប់ដោយសារ COVID-19 ២,៨៩៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុបច្រើនជាង ៩០,០០០នាក់ ខណៈ៣៦,៧៩៥នាក់ ជាសះស្បើយឡើងវិញ។

បើតាមរដ្ឋាភិបាលឥណ្ឌា ជាមួយការអូសបន្លាយពេលបិទប្រទេសនេះ វិធានការ ឬសេចក្ដីណែនាំថ្មីៗ ក៏អាចនឹងត្រូវដាក់ឱ្យអនុវត្តផងដែរ ខណៈខ្លួនកំពុង ពិចារណាបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

សូមជម្រាបថា ឥណ្ឌាបានដាក់ចេញវិធានការបិទប្រទេសទាំងមូល កាលពីថ្ងៃទី២៤ ខែមីនា ហើយសាលារៀន, សេវាដឹកជញ្ជូនសាធារណៈ និងពាណិជ្ជកម្មមួយភាគធំ ត្រូវបិទទា្វរចាប់ពីពេលនោះមកដែរ។ ប៉ុន្តែ ការឆ្លងរាតត្បាត COVID-19 មិនទាន់ថយចុះគ្រប់គ្រាន់ តាមការចង់បាននោះទេ ហើយនេះគឺជាលើកទី៤ហើយ ដែលឥណ្ឌាអូសបន្លាយពេលបិទប្រទេស គ្របដណ្ដប់លើប្រជាជនជាង ១.៣ពាន់លាននាក់៕