ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឲ្បបានប្រាប់ទៅកាន់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ឲ្យបញ្ឈប់ការចុះដោះស្រាយទំនាស់ដីធ្លីទាំងឡាយណាដែលសម្ដេចបានដោះស្រាយបញ្ចប់ ឬតុលាការកំពុងដំណើរការនីតិវិធី ឬស្ថាប័នតុលាការបានបញ្ចប់ដោយមានសាលក្រម ឬសាលដីការស្ថាពររួចហើយ។
យោងតាមសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៥ ខែឧសភា សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា លេខាធិការដ្ឋាន និងសមាជិក សមាជិការ នៃឧត្តមក្រុមប្រឹក្សារពិគ្រោះ និងផ្តល់យោបល់ ត្រូវបំពេញភារៈកិច្ចដូចខាងក្រោម ៖
ក-មិនអនុញ្ញាត ឲ្យចុះដោះស្រាយ រាល់ទំនាស់ទាំងឡាយណា ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ចប់ និងមានសេចក្តី ជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី (សជណ) រួចហើយនោះទេ ។
ខ-មិនអនុញ្ញាត ឲ្យដោះស្រាយទំនាស់ដីធ្លី ដែលកំពុងដំណើការ តាមនីតិវិធីរបស់តុលាការ ។
គ-មិនអនុញ្ញាតឲ្យចុះដោះស្រាយ រាល់ទំនាស់ទាំងឡាយ ដែលបានដោះស្រាយបញ្ចប់ ដោយស្ថាប័នតុលាការ ដែលមានសាលក្រម ឬសាលដីការស្ថាពរ រួចហើយ ។
ឃ-លេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវពិនិត្យគោលដៅ និងកម្មវត្ថុដែលសមាជិក និងសមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះផ្តល់យោបល់ បម្រុងចុះទៅដោះស្រាយ ដោយមិនត្រូវចេញលិខិតបេសកកម្ម ជូនក្នុងករណីដូចបានរៀបរាប់នៅក្នុងចំណុច «ក» «ខ» និងចំណុច «គ» ខាងលើឡើយ ។ ទន្ទឹមនេះ ក៏មិនត្រូវបញ្ជូនសំណុំរឿង វិវាទដីធ្លីរវាងបុគ្គល និងបុគ្គល ជូនមកសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើការដោះស្រាយដែរ ៕