បាងកក ៖ លោក Taweesin Wisanuyothin អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលថៃបានថ្លែងថា ប្រទេសថៃរំពឹងទុកថា ខ្លួននឹងមានវ៉ាក់សាំងការពារជំងឺ COVID-19 នៅឆ្នាំក្រោយបន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមាននៃការតេស្តសាកល្បងលើសត្វកណ្ដុរ។
លោកបន្តថា វ៉ាក់សាំង ប្រភេទ RNA (messenger RNA) នេះ ត្រូវបានបង្កើតដោយវិទ្យាស្ថានវ៉ាក់សាំងជាតិនៃសាកលវិទ្យាល័យ Chulalongkorn។ វ៉ាក់សាំងនេះ នឹងជួយជំរុញរាងកាយឱ្យផលិត antigen ជាម៉ូលេគុលនៅលើផ្ទៃរបស់វីរុសដែលអាចជំរុញឱ្យប្រព័ន្ធភាពស៊ាំ មានការឆ្លើយតបទៅនឹងវីរុស។ លោកបញ្ជាក់ថា អ្នកជំនាញថៃ នឹងចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំងថ្មីនេះ ទៅលើសត្វស្វាបន្តទៀតនៅសប្ដាហ៍ក្រោយបន្ទាប់ពីតេស្ដលើសត្វកណ្ដុរទទួលបានលទ្ធផលវិជ្ជមាន។
លោកអះអាងថា អ្នកជំនាញរំពឹងថា វ៉ាក់សាំងនឹងប្រើប្រាស់នៅឆ្នាំក្រោយ ហើយប្រទេសថៃចង់ក្លាយជាប្រទេសដំបូងគេដែលមានវ៉ាក់សាំងប្រឆាំងវីរុសCOVID-19 និងដាក់ឱ្យប្រើប្រាស់។
សូមជម្រាបថា បច្ចុប្បន្នមានវ៉ាក់សាំងជាង ១០០ដែលបានបង្កើតឡើង ហើយមានវ៉ាក់សាំងជាច្រើនកំពុងស្ថិតក្នុងការតេស្ដសាកល្បងទៅលើមនុស្ស ប៉ុន្តែអង្គការសុខភាពពិភពលោកបានលើកឡើងថា វ៉ាក់សាំង អាចនឹងត្រូវការពេលយ៉ាងតិច១២ខែ។
គួរបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ប្រទេសថៃមានករណីឆ្លងសរុប ៣ ០៣៤ករណី ក្នុងនោះមានអ្នកជា ២ ៨៥៧នាក់ និងអ្នកស្លាប់ ៥៦នាក់៕